ប្រទេសឥណ្ឌា ៖ លោកឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងវេទិកាពិភាក្សាផ្លាស់ប្តូរយោបល់ (Panel Discussion) ជុំវិញប្រធានបទ “Back to Basics: Getting Public Infrastructure Right” នៅក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៥ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុងដាវ៉ូស ប្រទេសស្វីស
សូមបញ្ជាក់ថា ៖ កាលពីរសៀលថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងវេទិកាពិភាក្សាផ្លាស់ប្តូរយោបល់ (Panel Discussion) ជុំវិញប្រធានបទ “ ការត្រឡប់ទៅមូលដ្ឋានគ្រឹះ៖ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសាធារណៈឱ្យបានត្រឹមត្រូវ” (Back to Basics: Getting Public Infrastructure Right) នៅក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៥ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ដែលប្រព្រឹត្តទៅនៅក្នុងទីក្រុងដាវ៉ូស ប្រទេសស្វីស។ វេទិកានេះ ក៏មានការស្តេចយាងចូលរួម និងចូលរួមជាវាគ្មិនកិត្តិយសពីសំណាក់ ព្រះរាជា Letsie III ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ Lesotho, លោកស្រី Deborah Flint ប្រធាន និងជានាយិកាប្រតិបត្តិនៃ The Greater Toronto Airports Authority (GTAA) នៃប្រទេសកាណាដា និង លោក Arjun Dhawan អគ្គនាយករងក្រុមហ៊ុន Hindustan Construction Company Limited (HCCLtd) នៃប្រទេសឥណ្ឌា។
វេទិកាពិភាក្សាផ្លាស់ប្តូរយោបល់នេះបានផ្តោតទៅលើ សារៈសំខាន់នៃការធ្វើនវានុវត្តន៍នៅក្នុងវិស័យសេដ្ឋកិច្ច និងភាពចាំបាច់នៃការផ្តល់ និងការថែទាំហេដ្ឋារចនាសម្ព័ន្ធដែលជាមូលដ្ឋានគ្រឹះ ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយថាមវន្ត។ ជាមួយនឹង គម្លាតហេដ្ឋារចនាសម្ព័ន្ធសកលដែលបានព្យាករណ៍ថាមានចំនួន ១៥ ពាន់ពាន់លានដុល្លារនៅឆ្នាំ ២០៤០ វាគ្មិនកិត្តិយសក៏បានពិភាក្សាស្វែងយល់បន្ថែមអំពីទម្រង់នៃការវិនិយោគផ្សេងៗ រួមមាន ការវិនិយោគជារូបវន្ត, ការវិនិយោគបែបឌីជីថល ឬ ការវិនិយោគពីសំណាក់ស្ថាប័ន ឬក្រោមទម្រង់ណាមួយ ដែលគួរតែត្រូវបានកំណត់ជាអាទិភាពគន្លឹះ ក្នុងការជម្រុញកំណើនសេដ្ឋកិច្ច៕
ដោយ ៖ សិលា