សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគ្រប់ ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធដល់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងការរៀបចំព្រឹត្តិការណ៍ “សាទរកម្ពុជា»

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគ្រប់ ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេស រដ្ឋបាលរាជធានីភ្នំពេញ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធដល់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងការរៀបចំព្រឹត្តិការណ៍ “សាទរកម្ពុជា» ក្រោមការដឹកនាំរបស់ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រកបដោយជោគជ័យ និងមោទនភាព។ សម្តេចធិបតី លើកទឹកចិត្តឱ្យបន្តរៀបចំព្រឹត្តិការណ៍បែបនេះ ដើម្បីលើកកម្ពស់មោទនភាពក្នុងភាពជាប្រជាជាតិ ប្រយោជន៍ដល់វិស័យទេសចរណ៍។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ខណៈសម្តេចអញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្តីការនាយករដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។
សម្តេចធិបតី បានគូសរំលេចទៀតថា ទោះបីជាយើងបានជួបប្រទះនឹងបញ្ហាប្រឈមជាច្រើននៅឆ្នាំ២០២៤ ទាំងក្នុងនិងក្រៅប្រទេស ដូចជាការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ពីសំណាក់ក្រុមជ្រុលនិយមតាមរយៈ បដិវត្តន៍ពណ៌ ក៏ដូចជាការវិវត្តដ៏ស្មុគស្មាញ និងប្រកបដោយគ្រោះថ្នាក់នៃសភាពការណ៍តំបន់ និងអន្តរជាតិយ៉ាងណា ក៏ដោយ ក៏រាជរដ្ឋាភិបាលបានជម្នះ និងអនុវត្តប្រកបដោយផ្លែផ្កានូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ រួមទាំង កម្មវិធីគោលនយោបាយអាទិភាពទាំង ៦ចំណុច និងវិធានការគន្លឹះទាំង ៥ ក៏ដូចជាបណ្តាការដ្ឋានកែទម្រង់នានា ដោយបន្តរក្សាបាននូវស្ថិរភាពនយោបាយ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចបានយ៉ាងល្អប្រសើរ។
សម្តេចធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រសួង ស្ថាប័ន ពាក់ព័ន្ធទាំងអស់ ជាពិសេស ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹកនិងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងអាជ្ញាធរដែនដីគ្រប់ លំដាប់ថ្នាក់ ក៏ដូចជាបណ្តាវិស័យឯកជន ដែលបានផ្តល់ការគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការអនុវត្តកិច្ចអន្តរាគម ជួយប្រជាពលរដ្ឋដែលជួបប្រទះបញ្ហា។ ដើម្បីពង្រឹងបន្ថែមទៀតនូវប្រសិទ្ធភាពក្នុងការរក្សាថ្លៃកសិផល ក៏ដូចជា ការពង្រឹងនយោបាយគ្រប់គ្រងទឹក សម្រាប់រដូវប្រាំងនេះ សម្តេចធិបតី បានណែនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង ក្រសួងធនធានទឹកនិងឧតុនិយម បន្តដោះស្រាយបញ្ហាស្រូវ និងទឹកក្នុងរដូវប្រាំងជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា។
សម្តេចធិបតី បានកត់សម្គាល់ថា ចំនួនភ្ញៀវទេសចរអន្តរជាតិសរុបក្នុងឆ្នាំ២០២៤ បានកើនលើសកម្រិ មុនវិបត្តិជំងឺកូវីដ-១៩ ទៅទៀត ពោលគឺមានចំនួនប្រមាណ ៦,៧លាននាក់។ សម្តេចធិបតី ក៏បានណែនាំឱ្យ ក្រសួងទេសចរណ៍ខិតខំផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោកឱ្យកាន់តែច្រើនបន្ថែមទៀត ដោយ សម្តេចធិបតី ចាត់ទុកថាវិស័យនេះ គឺជាសក្តានុពលដ៏ខ្លាំងមួយដែលអាចងើបឡើងវិញយ៉ាងឆាប់រហ័ស។
សម្តេចធិបតី បានថ្លែងអំណរគុណដល់ក្រសួងមហាផ្ទៃ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដែលបាន ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» នាពេលកន្លងមក។ ទោះបីជាបានសម្រេចនូវវឌ្ឍនភាពល្អប្រសើរជាច្រើនក៏ដោយ ក៏ សម្តេចធិបតី បន្តក្រើនរំលឹកដល់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ជាពិសេស រដ្ឋបាលរាជធានី ខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បន្តអនុវត្តកិច្ចការងារនេះឱ្យដូច ភ្លៀងរលឹម ដោយត្រូវចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ជាពិសេស បទល្មើសគ្រឿងញៀន ក្មេងទំនើង និងល្បែងស៊ីសងគ្រប់ប្រភេទឱ្យបានហ្មត់ចត់ និងមានប្រសិទ្ធភាព សំដៅរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយមិនត្រឹមតែអនុវត្តច្បាប់ទេ តែក៏ត្រូវប្រកាន់យកវិធានការអប់រំ ឱ្យបានច្រើន ដើម្បីបង្ការកុំឱ្យកើតមានបញ្ហាក្មេងទំនើង និងបញ្ហាផ្សេងទៀត។
សម្តេចធិបតី បានក្រើនរំលឹកដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតាមរាជធានី ខេត្ត ពង្រឹង ការងាររបស់ខ្លួនបន្ថែមទៀត ជាពិសេស ការរៀបចំវេទិកាសាធារណៈនៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីស្វែងយល់ពី តម្រូវការ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋផង និងដើម្បីផ្សព្វផ្សាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាលផង៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print