ថ្ងៃនេះ ! គណបក្សប្រជាជនកម្ពុជាបន្តសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទីV ថ្ងៃទី២ សម្តេចតេជោ បានប្រកាសឱ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ប្រើប្រាស់កម្មវិធីផ្ញើសារ CoolApp

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥នេះ ជាសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ឈានចូលដល់ថ្ងៃទី២នៃកិច្ចប្រជុំសន្និបាត ខណៈក្រោយបញ្ចប់កិច្ចប្រជុំនៅរសៀលនេះ នឹងមានសន្និសីទសារព័ត៌មាន ដើម្បីប្រកាសលទ្ធផល ក្រោយសន្និបាតបិទបញ្ចប់រយៈពេលពីរថ្ងៃមកនេះ។
សន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទីV ដែលប្រារព្ធធ្វើឡើងនៅវិមាន៧មករា ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជានេះ បានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ២៥-២៦ ខែមករា ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា អមដោយអនុប្រធានទាំង ៥ រូប និងមានសមាជិកគណៈកម្មាធិការកណ្តាលចូលរួមចំនួន ១១៩១ រូបផងដែរ។
សន្និបាតនេះ ក៏មានការចូលរួមពីសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា មន្ត្រីជាន់ខ្ពស់នៅ ក្នុង រាជរដ្ឋាភិបាល រាជធានី ខេត្ត និង ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានរាជធានី ខេត្ត ថ្នាក់ដឹកនាំអង្គការមហាជនរបស់គណបក្ស ដែលធ្វើឲ្យសមាសភាពដែលបានអញ្ជើញចូលរួមសរុប មានចំនួនសរុប ៣៥៥៥ រូបថែមទៀត។
សន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន បានធ្វើការពិភាក្សា និងអនុម័តលើការងារសំខាន់ៗចំនួនពីរគឺ៖ ១៖ ពិនិត្យឆ្លងសេចក្តីព្រាង «របាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ ២០២៤ និងទិសដៅភារកិច្ចការងារឆ្នាំ ២០២៥»។
២៖ បោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល មួយចំនួន។
យោងតាមរបាយការណ៍បើកសន្និបាតបានឱ្យដឹងថា ការសម្រេចបើកសន្និបាតគណៈកម្មាធិការកណ្តាលលើកទី ៤៥ នៅពេលនេះ ស្របពេលមួយដែលសភាពការណ៍សកលលោកបាន និងកំពុងវិវត្តប្រែប្រួលមិនប្រាកដប្រជា យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងខិតខំប្រឹងប្រែងធ្វើឲ្យសម្រេចជាបន្តបន្ទាប់នូវគោលដៅជាយុទ្ធសាស្ត្ររបស់គណបក្ស តាមរយៈការអនុវត្ត «កម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាង និងការពារមាតុភូមិពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៨» ដែលអនុម័តដោយមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សកាលពីថ្ងៃទី ២៨-២៩ ខែមករា ឆ្នាំ ២០២៣។
ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលបានកំណត់ដាក់ចេញ និងអនុវត្តដោយរស់រវើកនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយសម្រេចបានស្នាដៃលេចធ្លោជាទីមោទនៈដូចជា ការពារបានរឹងមាំសន្តិភាព ស្ថិរភាពនយោបាយ ខឿន ឯករាជ្យ អធិបតេយ្យ និងបូរណភាពដែនដី, រក្សាបានល្អប្រសើរ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សង្គម, រក្សាបានស្ថិរភាពជីវភាពប្រជាជន និងសេដ្ឋកិច្ចជាតិមានកំណើនក្នុងរង្វង់ ៦% បានបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោជាប្រវត្តិសាស្ត្រ បានដោះស្រាយបញ្ហាតំបន់ត្រីកោណ CLV- DTA ដើម្បីពង្រឹងការឯកភាពផ្ទៃក្នុង និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងបី កម្ពុជា-វៀតណាម -ឡាវ។ បានបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន និងបានធ្វើឲ្យបរាជ័យរាល់ ឧបាយកលអាក្រក់របស់ក្រុមជ្រុលនិយមជាដើម។ លើសពីនេះទាំងស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិប្បញ្ញត្តិ បានរួមគ្នាពង្រឹងពង្រីកបានល្អនូវការងារទំនាក់ទំនងបរទេស ការងារការទូត និងដៃគូអភិវឌ្ឍន៍ ហើយក៏បានធ្វើជាម្ចាស់ផ្ទះ និងជាប្រធានដឹកនាំកិច្ចប្រជុំធំៗជាអន្តរជាតិចំនួន ៤ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់។
សូមបញ្ជាក់ថា ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសឱ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ប្រើប្រាស់កម្មវិធីផ្ញើសារ CoolApp សម្រាប់ទំនាក់ទំនងគ្នាក្នុងដែនសុវត្ថិភាពរបស់ខ្មែរ។
ការប្រកាសរបស់សម្តេចតេជោ ឱ្យមានចលនាប្រើប្រាស់បណ្តាញសង្គម CoolApp នេះ បានធ្វើឡើងនៅក្នុង សន្និបាតគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «CoolApp ងាយស្រួលប្រើ ថ្ងៃមុនខ្ញុំបានផ្ញើសារ Forward មានទាំងរូបភាព និងវិដេអូជាង១០០រូប ទៅកាន់មនុស្ស៤២នាក់ ដើររលឿនតែម្តង ប៉ុន្តែ CoolApp យើងអាចផ្ញើដល់មនុស្ស៥០នាក់ឯណោះ ! ដោយឡែកពេល Call និយាយតាម CoolApp ប្រើអ៉ិនធើណែតតិច ហើយច្បាស់ ដូច្នេះមន្រ្តីបក្សរបស់យើងនាំគ្នារបស់ខ្មែរយើង និងបង្កើត Group ដើម្បីទំនាក់ទំនងគ្នា !»
សូមជំរាបថា CoolApp មានមុខងារជាច្រើនរួមមាន Chat និង Call និង Video Call ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យ Data និង Call ស្ថិតក្នុងលក្ខណៈ Encryption និងសុវត្ថិភាពទាំងអស់ ដោយប្រើប្រាស់ប្រព័ន្ធ Internet Local (Dix) ដែលធ្វើឲ្យ Call ស្តាប់សំឡេងច្បាស់ និង Chat ផ្ញើរូបភាព វិដេអូ មានភាពរហ័ស ព្រោះ Internet មិនចេញទៅក្រៅប្រទេស។

លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយក CoolApp បានឲ្យដឹងថា រហូតដល់ពេលនេះ ចាប់តាំងពីដាក់ឱ្យដំណើរការរយៈពេលប្រមាណជាង៦ខែមកនេះ កម្មវិធី CoolApp ត្រូវបានទាញយកប្រមាណជិត៤០ម៉ឺននាក់ហើយ ខណៈ CoolApp មិនបានតាមដាន មិនប្រមូល ឬរក្សាទុកទិន្នន័យអ្នកប្រើប្រាស់នោះឡើយ។ លោកអះអាងថា CoolApp ប្រើប្រាស់មុខងារ end-to-end encryption ដើម្បីធានាថាទិន្នន័យ និងការហៅចេញមានសុវត្ថិភាពបំផុត៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print