ខេត្តកំពង់ស្ពឺ÷កម្លាំងនគរបាលផ្នែកជំនាញព្រហ្មទណ្ឌស្រុកសំរោងទង សហការជាមួយកម្លាំងនគរបាលស្រុកអង្គស្នួល ស្រាវជ្រាវឈានដល់ការឃាត់ខ្លួន ជនសង្ស័យចំនួន៣នាក់ ដែលបានធ្វើសកម្មភាពកាប់ម៉ូតូជនរងគ្រោះបណ្តាលឲ្យរងការខូចខាត។ នេះបើយោងតាមប្រភពពីសមត្ថកិច្ចស្រុកសំរោងទងបានឲ្យដឹងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥នេះ។លោកអធិការស្រុកសំរោងទងបានឲ្យដឹងថា
កម្លាំងរបស់លោកបានឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ ធី ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ពាក់ព័ន្ធករណីធ្វើឲ្យខូចខាតដោយចេតនា ( កាប់ម៉ូតូ ) ដោយបានធ្វើ សកម្មភាពយកកាំបិតផ្គាក់ កាប់បំផ្លិចបំផ្លាញម៉ូតូ នៅចំណុចផ្លូវបេតុង ក្លោងទ្វារវត្តក្ដីល្វា ស្ថិតនៅភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បណ្តាលឱ្យខូចខាតចំនួន ២គ្រឿង ១ម៉ាកហុងដា សេ១២៥ សេរីឆ្នាំ២០២៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1Y.1335 បែកក្បាំង កុងទ័រ និងដាច់ផ្លាកលេខ ជារបស់ជនរងគ្រោះឈ្មោះ លៀង ភារម្យ ភេទប្រុស អាយុ ១៦ឆ្នាំ ស្នាក់នៅបន្ទប់ជួលត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ២-ម៉ាកហុងដា សេ១២៥ សេរីឆ្នាំ២០១៩ ពណ៍ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1M.5835 បែកក្បាំង កុងទ័រ ចង្កៀងមុខ និងដាច់ផ្លាកលេខ ជារបស់ឈ្មោះ នី ចាន់នួន ភេទប្រុស អាយុ ២៣ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
លោកបញ្ជាក់ឲ្យដឹងទៀតថា ករណីបង្ក្រាបក្រុមជនសង្ស័យខាងលើគឺធ្វើឡើង នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង២១ និង ០០នាទី ដោយកម្លាំងជំនាញព្រហ្មទណ្ឌស្រុក សហការជាងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគងនិងកម្លាំងនគរបាលស្រុកអង្គស្នួល ខេត្តកណ្តាលទើបស្រាវជ្រាវឈានដល់ការឃាត់ខ្លួនពួកគេ។ លោកអធិការស្រុកបានបន្តឲ្យដឹងទៀតថា
ក្រោយពីមន្ត្រជំនាញធ្វើការសាកសួរ ជនសង្ស័យខាងលើបានឆ្លើយសារភាពថាខ្លួនពិតជាបានកាប់ម៉ូតូខាងលើ រួមជាមួយបក្សពួក ចំនួន ៤នាក់ទៀត លុះនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៩ និង ៣០នាទី កម្លាំងជំនាញព្រហ្មទណ្ឌស្រុកសំរោងទង សហការជាមួយកម្លាំងនគរបាលស្រុកអង្គស្នួល បានបន្តឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់បន្តទៀត
១- ឈ្មោះ វ៉ាត់ ពិសិដ្ឋ ហៅប្រោក ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
២- ឈ្មោះ សុខ ភក្ដី (ហៅក្ដី) ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិសេកពង ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
ឃាត់ខ្លួនមនុស្សសរុបចំនួន ៣នាក់ និងដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ ២គ្រឿង(ជិះធ្វើសកម្មភាព) និងកាំបិតផ្គាក់ចំនូន ១ ។
បច្ចុប្បន្ន៖ ជំនាញបានធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការនីតិវិធីបន្ដ៕ដោយ÷ចន្ទ លីហ្សា