ខ្ញុំត្រេកអរខ្លាំងពេករហូតដល់ស្រក់ហូរទឹកភ្នែកមិនដឹងខ្លួន ខ្ញុំបានស្កាត់ទៅជួបប្អូនប្រុសរបស់ខ្ញុំជាមួយប៉ា និងម៉ាក់។ គ្រាន់តែឃើញបញ្ញាវឌ្ឍន៍ភ្លាម ទឹកភ្នែករបស់ខ្ញុំអូរស្រក់មកមិនឈប់សោះព្រោះអាណិតប្អូនខ្លោចចិត្ត។ បញ្ញាវឌ្ឍន៍ រត់មកឱបខ្ញុំ ហើយខ្ញុំក៏យកដៃទាំងពីរឱបប្អូនប្រុសខ្ញុំវិញយ៉ាងណែន ប៉ុន្តែដៃរបស់ខ្ញុំដូចជាមិនបានប៉ះនូវរាងកាយដែលមានសាច់ទ្រលុកទ្រលន់របស់ប្អូនដូចពីមុនទៀតទេ។ ដៃរបស់ខ្ញុំហាក់បីដូចជាឱបឆ្អឹងទៅវិញ។ ឱប្អូនប្រុសអើយ! ស្គមសល់តែស្បែកដណ្ដប់ឆ្អឹង មុខមាត់ស្លក់ស្គមសល់តែក្បាល និងក្បាលជង្គង់។ ខ្ញុំបានអង្អែលក្បាលប្អូនប្រុសហើយសួរនាំប្អូនថា ម៉េចក៏អូនឯងស្គមដល់ថ្នាក់នេះ? ប្អូនខ្ញុំឆ្លើយថា ខ្ញុំហូបមិនដែលបានឆ្អែតទេបង ហូបបានតិចតួចតែប៉ុណ្ណោះ។ ពេលខ្លះត្រូវគេដណ្ដើមរបស់ខ្ញុំអស់រលីងក៏មានដែរ។
ឮសំដីប្អូនប្រុស ទឹកភ្នែករបស់ខ្ញុំរឹតតែហូរស្រក់មិនអាចទប់បាន។ ខ្ញុំអាណិតប្អូនណាស់ តែមិនដឹងថាត្រូវជួយគាត់តាមរបៀបណាមានតែបណ្ដោយតាមយថាកម្ម។ ពួកយើងបានត្រឹមជួប បញ្ញាវឌ្ឍន៍ ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ព្រោះថាដល់ពេលដែលយើងត្រូវទៅធ្វើការវិញ។ ខ្ញុំ និងប៉ាម៉ាក់បានឱប បញ្ញាវឌ្ឍន៍ មុនពេលចាកចេញទៅ។ ខ្ញុំឈានជើងចាកចេញពីប្អូនប្រុសទាំងអួលណែនក្នុងចិត្ត តែធ្វើម្ដេចយើងគ្មានសិទ្ធិសេរីភាពគ្រប់គ្រាន់រស់នៅក្រោមគំនាបរបស់អង្គការយ៉ាងដូច្នេះ។
បន្ទាប់ពីបានជួប បញ្ញាវឌ្ឍន៍ ពីរថ្ងៃក្រោយមក ខ្ញុំស្រាប់តែបានទទួលដំណឹងថា បញ្ញាវឌ្ឍន៍ ធ្លាក់ខ្លួនឈឺធ្ងន់។ ខ្ញុំ និងប៉ាម៉ាក់របស់ខ្ញុំបានទៅមើលបញ្ញាវឌ្ឍន៍ ។ ពុទ្ធោលោកអើយ! គេទុកប្អូនខ្ញុំដេកលើគ្រែសន្ធឹងសន្ធៃត្រដរខ្យល់តែម្នាក់ឯង ថ្នាំពេទ្យក៏គ្មានកន្លែងព្យាបាលក៏គ្មានអនាម័យ ឈឺអ្វីក៏ច្រកតែស្ករត្នោតប្អូន។ ប្អូនរបស់ខ្ញុំឈឺដល់ម្លឹងហើយ មុខឡើងស្លេកស្លាំងបបូរមាត់ឡើងសអស់ហើយ ក្រុមគ្រូពេទ្យទាំងនោះធ្វើព្រងើយកន្តើយមិនខ្ចីអើពើជាមួយប្អូនប្រុសរបស់ខ្ញុំទេ។ ខ្ញុំរត់ទៅជិតគ្រែដែលប្អូនប្រុសរបស់ខ្ញុំកំពុងគេង។ ខ្ញុំហាមាត់និយាយទាំងទឹកភ្នែកទៅកាន់ប្អូនប្រុសរបស់ខ្ញុំថា បញ្ញាវឌ្ឍន៍ និយាយរកបងមួយមាត់មកអូន ពេលនេះអូនយ៉ាងម៉េចហើយ? និយាយប្រាប់បងមកអូន។
សំឡេងដង្ហើយហៅរបស់ខ្ញុំទាំងអម្បាលម៉ាន ហាក់ដូចជាមិនចូលត្រចៀករបស់បញ្ញាវឌ្ឍន៍ទាល់តែសោះ គេលែងដឹងខ្លួនហើយ គេមិនអាចមើលឃើញខ្ញុំ មិនអាចស្ដាប់ឮសំឡេងដែលខ្ញុំនិយាយទៀតទេ។ មច្ចុរាជមិនប្រណីមេត្តាបានមកផ្ដាច់សង្ខារប្អូនរបស់ខ្ញុំឲ្យចាកចេញឆ្ងាយពីគ្រួសារជារៀងរហូតហើយ។ ខ្ញុំទប់ទឹកភ្នែកមិនបានយំឱបសពប្អូនប្រុសដោយក្តីសោកស្ដាយ និងអាឡោះអាល័យ។ ខ្ញុំយំរហូតដល់គាំងនិយាយលែងចេញ។ ម៉ាក់របស់ខ្ញុំយំខ្សឹកខ្សួលតិចៗ មិនមាននិយាយស្ដីអ្វីទាំងអស់សូម្បីតែមួយម៉ាត់។ អង្គការមិនទុកពេលឱ្យយើងនៅយំយែកសោកស្ដាយអាឡោះអាល័យយូរឡើយ។ ខ្ញុំបានឱ្យបងយ៉ារីទៅហៅលោកអ៊ំសែម និងអ៊ំយ៉ាន ដើម្បីជួយយកសាកសពប្អូនប្រុសរបស់ខ្ញុំទៅបញ្ចុះ។ ពេលនោះសមមិត្តឧត្តមក៏បានមកជួយយកសពប្អូនប្រុសរបស់ខ្ញុំទៅបញ្ចុះនៅក្រោមដើមពោធិ៍ខាងក្រោយផ្ទះរបស់អ៊ំសែមដែរ។ ក្រោយពីបានបញ្ចុះសពប្អូនប្រុសខ្ញុំរួចហើយ ខ្ញុំជូតទឹកភ្នែកហើយទៅធ្វើការជាធម្មតា ព្រោះខ្លាចត្រូវអង្គការយកទៅអប់រំ។ ខ្ញុំត្រូវព្យាយាមកាត់ចិត្តពីភាពអាឡោះអាល័យសោកស្ដាយ ហើយប្រឹងប្រែងកាន់ចបបង្គីធ្វើការតាមមុខនាទីរបស់ខ្លួន។
រដូវវស្សាបានចូលមកដល់ មនុស្សម្នាទាំងឡាយត្រូវមមាញឹកជាមួយនឹងការងារស្រែចម្ការស្ទូងដកគ្មានពេលឈប់ឈរ។ ភ្លៀងបង្អុរមកជោកជាំដី ប្រឡាយនីមួយៗមានទឹកពេញប្រៀប។ ស្រែនីមួយៗមានមនុស្សម្នាជាច្រើនកំពុងតែភ្ជួរ រាស់ ដកស្ទូង ។ ការងារធ្វើគ្មានស្រាកស្រាន្តគ្មានទំនេរដៃ។ ពេលខ្លះអង្គការកំណត់ឲ្យធ្វើឲ្យហើយ បើធ្វើមិនហើយទេនឹងអាចត្រូវដកសមាជិកចេញ ហើយតម្រូវឲ្យធ្វើទាល់តែហើយទើបអនុញ្ញាតឱ្យឈប់សម្រាក។ ប្រុសៗនាំគ្នាភ្ជួររាស់រែកកណ្ដាប់ ស្រីៗដកស្ទូង។
រដូវវស្សាភ្លៀងធ្លាក់ស្ទើររាល់ថ្ងៃ យើងត្រូវធ្វើការហាលភ្លៀងហាលខ្យល់ ខោអាវតែមួយបម្លាស់ត្រូវទឹកភ្លៀងផង ញើសផង មានក្លិនផ្អូមជូរកើតទៅជាចៃចេញពីសាច់តែម្ដង។ អ្នកខ្លះក៏កើតទៅជាកន្ទួលរមាស់ពេញខ្លួន ប៉ុន្តែគ្មានថ្នាំព្យាបាលទេ។ យើងប្រើទឹកត្នោតជូរបានធូរស្រាលខ្លះៗដែរ។ ក្រោយពីការងារដកស្ទូងរួចរាល់ប្រជាជនមិនបានឈប់សម្រាកទេ ម្នាក់ៗត្រូវកាន់ការងារផ្សេងគ្នា ដូចពួកខ្ញុំត្រូវអង្គការឲ្យទៅលាយជីលេខ ១ ទុកប្រើប្រាស់សម្រាប់ស្រូវស្រែ។ ស្រូវស្រែរីកបែកគុម្ពត្រសុំត្រសាយស្រស់ខៀវខ្ចី។ មនុស្សម្នាប្រុសស្រីមានទឹកចិត្តត្រេកអរសង្ឃឹមថា នឹងបានហូបគ្រប់គ្រាន់ ព្រោះស្រូវដែលខ្លួនបានខិតខំដកស្ទូងពេលនេះលូតលាស់ល្អ ចេញផ្លែផ្កាគ្រប់ៗស្រែ។
មិនយូរប៉ុន្មាន រដូវច្រូតបានមកដល់យើងចាប់ផ្ដើមឃ្មាតខ្មីធ្វើការច្រូតកាត់បន្តទៀត។ ម្នាក់ៗខំធ្វើការគ្មានបន្ធូរដៃទេ។ ស្រូវស្រែផ្លែដូចគេចាក់ក្រាល ប្រមូលផលបានប្រមាណកន្លះខែទៅហើយ ប៉ុន្តែយើងនៅតែហូបមិនគ្រប់គ្រាន់ដដែល។ ចុះស្រូវអង្ករទាំងនោះយកទៅណា? ខ្ញុំនៅតែហុតបបរថ្លាវាល់វែកដដែល។ ឱ! មហាលោតផ្លោះ មហាអស្ចារ្យហុតទឹកបបរថ្លាហូរស្រក់ទឹកភ្នែក។ កាលដែលធ្វើស្រែប្រវាស់នឹងមេឃ រាស្ត្រស៊ីបាយ ដល់ពេលធ្វើស្រែប្រវាស់នឹងប្រឡាយរាស្ត្រហុតបបរ នេះបានចំជាមហាបដិវត្តន៍ មហារុងរឿងមែន។
ព្រឹកស្អែក ប៉ារបស់ខ្ញុំត្រូវបានអង្គការចាត់ទុកឲ្យជួយដឹកអង្ករទៅឧបត្ថម្ភកម្លាំងទ័ពនៅភូមិភាគនិរតី។ ដូច្នេះគាត់ត្រូវឃ្លាតឆ្ងាយពីគ្រួសារខ្ញុំមួយរយៈ ព្រោះថាគាត់ត្រូវធ្វើដំណើរផ្លូវឆ្ងាយ មិនដឹងថាពេលណាទើបគាត់វិលត្រឡប់មកវិញទេ។ ខ្ញុំសែនពិបាកចិត្តស្អិតទ្រូងមិនចង់ឃ្លាតពីប៉ារបស់ខ្ញុំឡើយ។ ប្អូនប្រុសរបស់ខ្ញុំបានឃ្លាតចាកឆ្ងាយពីក្រុមគ្រួសារទៅហើយ ហេតុនេះហើយអារម្មណ៍របស់ខ្ញុំចេះតែខ្លាច ចេះតែបារម្ភពីរឿងនេះ ប៉ុន្តែយើងមិនអាចប្រឆាំងជាមួយអង្គការបានទេ។ ល្ងាចនេះប៉ារបស់ខ្ញុំមានទឹកមុខក្រៀមក្រំមិនមាត់ មិនកអ្វីសោះ មើលទៅគាត់ដូចជាមិនចង់ឃ្លាតឆ្ងាយពីគ្រួសារឡើយ។ គាត់បាននិយាយមកកាន់ខ្ញុំថា” សុភីនាថ មើលថែខ្លួនឯងនិងម្ដាយផង ពុកមិនដឹងជាពេលណាទើបត្រឡប់មកវិញទេ”។ (នៅមានត)