ប្រវត្តិសាស្រ្តខ្មែរសម័យមុនអង្គរ ដោយ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន (ត)

ចែករំលែក៖

ភ្នំពេញ ៖ តើវប្បធម៌ខ្មែរមានមូលដ្ឋានមកពីណា?

ខ្មែរជាជនជាតិចំណាស់ជាងគេនៅអាស៊ីអាគ្នេយ៍៖ អំបូរខ្មែរមន បានមករស់នៅអាស៊ីអាគ្នេយ៍ដីគោក តាំងពីយុគថ្មរំលីងមកម៉្លេះ ពោលគឺ មនុស្សចេះចិញ្ចឹមសត្វ ប្រើប្រាស់សត្វ និងចេះរំលីងថ្ម ដើម្បីប្រើប្រាស់ សម្រាប់ផលិតអាវុធ និងប្រដាប់ប្រដាផ្សេងៗ។ កំណាយបុរាណវត្ថុនៅសំរោងសែន (ខេត្តកំពង់ឆ្នាំង) នៅអន្លង់ផ្តៅ (៣០គមពីសំរោងសែន) និង នៅម្លូព្រៃ (ស្រុកគូលែនព្រហ្មទេព ខេត្តព្រះវិហារ) បានរកឃើញប្រដាប់ ប្រើប្រាស់ធ្វើពីដែក ស្ពាន់ លង្ហិន និងថ្មរំលីង ព្រមទាំងគ្រឿងអលង្ការ ឆ្អឹងសត្វ និងមនុស្សផងដែរ។ នៅលើទឹកដីភាគខាងកើតនៃប្រទេសកម្ពុជា មានការតាំងទីលំនៅតាំងពីសម័យយុគថ្មមកម៉្លេះ។ កំណាយដោយលោកស្រី Mourer នៅស្ថានីយល្អាងស្ពាន ខេត្តបាត់ដំបង ក្នុងអំឡុងទសវត្សរ៍ទី៦០ បានបញ្ជាក់ពីវត្តមានរបស់មនុស្សនៅលើទឹកដីដ៏បុរាណនេះតាំងតែពីឆ្នាំ ៤២៩០មុនគ.ស. ពោលគឺនៅក្នុងយុគថ្មរំលីង។ តាមឯកសាររបស់លោក David Chandler នៅសំរោងសែន គេបានជីកដីឃើញលលាដ៍ក្បាល ដែល បញ្ជាក់ថាមានមនុស្សមករស់នៅតាំងពីជិត១ ៥០០ឆ្នាំមុនគ.ស.។

ម្យ៉ាងវិញទៀត កំណាយនៅស្ថានីយអូរកែវ (Oc Eo) ក៏បានបង្ហាញ ថា អរិយធម៌ និងសម្ភារសំរោងសែនមាននៅលាយឡំជាមួយសម្ភារមក ពីឥណ្ឌាផងដែរ ដែលបង្ហាញនូវអំណះអំណាងថាវប្បធម៌ខ្មែរ គឺជាវប្បធម៌ ដែលស្វចេញពីវប្បធម៌ដូនតាខ្មែរ ជាមួយនឹងវប្បធម៌ឥណ្ឌា ហើយមុនការ មកដល់នៃជនជាតិឥណ្ឌា ខ្មែរមានវប្បធម៌ និងអរិយធម៌របស់ខ្លួនរួចហើយ។

វប្បធម៌ខ្មែរមុនការហូរចូលនៃវប្បធម៌ឥណ្ឌា ៖ មុនការហូរចូលនៃ វប្បធម៌ឥណ្ឌា ខ្មែរមានវប្បធម៌ និងអរិយធម៌របស់ខ្លួនរួចមកហើយ។ កម្ពុជា គឺជាប្រទេសបរមបុរាណ ដែលមានវប្បធម៌ និងអរិយធម៌របស់ខ្លួន។ មុន ទទួលយកការគោរពប្រតិបត្តិពីសាសនាមកពីប្រទេសឥណ្ឌា ពលរដ្ឋខ្មែរ គោរពប្រតិបត្តិអ្នកតា ដែលមានរូបរាងជាដុំថ្មផ្សេងៗ។ បន្ទាប់មក វប្បធម៌ និងអរិយធម៌នេះទទួលរងនូវឥទ្ធិពលពីលទ្ធិនៃព្រហ្មញ្ញសាសនា និងពុទ្ធ សាសនា។ ដូច្នេះ អរិយធម៌ខ្មែរ គឺជាលទ្ធផលនៃការស្វ និងច្របាច់បញ្ចូល គ្នាក្នុងរយៈពេលជាច្រើនសតវត្សរ៍រវាងអរិយធម៌ខ្មែរបុរាណ និងអរិយធម៌ បរទេស ដែលមានដើមប្រភពពីឥណ្ឌា បស្ចិមប្រទេស និងចិន។ យើងឃើញ ថា ក្នុងការវិភាគពីអរិយធម៌ខ្មែរ គេឃើញមានទស្សនៈពីរខុសគ្នា ៖ ទស្សនៈ ទីមួយ គឺអរិយធម៌ខ្មែរមានឥទ្ធិពលពីឥណ្ឌា ហើយទស្សនៈទីពីរ គឺខ្មែរបាន យកវប្បធម៌ពីឥណ្ឌា ដើម្បីយកមកស្វឱ្យទៅជារបស់ខ្មែរ។

អ្នកស្រាវជ្រាវដែលប្រកាន់យកទស្សនៈទី១ យល់ឃើញថា ៖ មូលដ្ឋាននៃអរិយធម៌ខ្មែរស្ថិតនៅក្នុងទស្សនវិជ្ជានៃសាសនា ដែលជនជាតិ ខ្មែរទទួលយកជាបន្តបន្ទាប់ ឬក្នុងពេលតែមួយ ដូចជាវេទនិយម ព្រាហ្មណ៍ និយម ហិណ្ឌូនិយម និងពុទ្ធនិយម។ មូលដ្ឋាននេះតែងតែវិវត្តជាលំដាប់ ទៅតាមដំណាក់កាលនៃប្រវត្តិសាស្ត្រកម្ពុជា។ ដូច្នេះការសិក្សាវប្បធម៌ និង អរិយធម៌ខ្មែរទាមទារឱ្យយល់ពីព្រហ្មញ្ញសាសនា និងពុទ្ធសាសនា ដែល ខ្មែរទទួលពីឥណ្ឌាផងដែរ។

លោកសាស្ត្រាចារ្យ កេង វ៉ាន់សាក់ ជាអ្នកប្រកាន់យកទស្សនៈទី២។ នៅក្នុងនិក្ខេបបទដែលមានចំណងជើងថា «ការស្រាវជ្រាវនៃឫសគល់ វប្បធម៌ខ្មែរ» លោកសាស្ត្រាចារ្យ កេង វ៉ាន់សាក់ បានលើកឡើងពីសម្មតិកម្ម ថា ៖ «វប្បធម៌ខ្មែរ គឺជាវប្បធម៌ចម្រុះ ដែលច្របាច់បញ្ចូលនូវមូលដ្ឋានក្នុង ស្រុក (វប្បធម៌ខ្មែរ-មន ដែលមានសមាសធាតុនៃវប្បធម៌អូស្ត្រូអាស៊ី) និង វិភាគទានពីបរទេស ជាពិសេសពីឥណ្ឌា បស្ចិមប្រទេស និងចិន»។ លោក បន្តទៀតថា ៖ «[អក្សរសិល្ប៍ខ្មែរ-ឥណ្ឌា] បានអនុញ្ញាតឱ្យខ្ញុំយល់យ៉ាង ច្បាស់ពីទំនាក់ទំនងពិតៗ ដែលមានលក្ខណៈមិនត្រឹមតែខុសគ្នាទេ តែផ្ទុយ គ្នារវាងអក្សរសិល្ប៍ឥណ្ឌា និងខ្មែរ។ អ្វីដែលអង្រួនខ្ញុំឱ្យភ្ញាក់ពីដំណេក គឺខ្ញុំ តែងតែជឿថា ឥណ្ឌា និងខ្មែរអាចប្រៀបប្រដូចទៅនឹងការរៀបអាពាហ៍- ពិពាហ៍នឹងគ្នា។ ខ្ញុំចាប់ផ្តើមភ្ញាក់ខ្លួនបន្តិចម្តងៗ រហូតដល់ពេលមួយ ដែល ខ្ញុំរកឃើញរចនាសម្ព័ន្ធនៃភាសាខ្មែរ ដែលធ្វើឱ្យខ្ញុំលែងស្រមើស្រមៃទៀត ហើយចាប់ផ្តើមមើលឃើញនូវការផ្ទុយគ្នា និងការខុសគ្នាជាមូលដ្ឋានរវាង វប្បធម៌ទាំងពីរ ៖ គឺឥណ្ឌា និងខ្មែរ»។ ពោល សាស្ត្រាចារ្យ កេង វ៉ាន់សាក់ បានទាត់ចោលសម្មតិកម្មរបស់លោក George Coedès ដែលថា ៖ «ខ្មែរគឺជា ជនជាតិកួយ ដែលទទួលយកវប្បធម៌ឥណ្ឌា» នៅមាន(ត) ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print