ខេត្តបាត់ដំបង ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិចំការសំរោង២ សង្កាត់ ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងនៅចំណុចបុរីកីឡាឯកភ្នំ ស្ថិតនៅភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុង បាត់ដំបង ខេត្តបាត់ដំបង ឃាត់ខ្លួនបានជនសង្ស័យចំនួន ១១នាក់ ស្រីចំនួន ០២នាក់ និងដកហូតបានគ្រឿងញៀន សរុប ចំនួន ២០០គីឡូក្រាម និង ២៥៧,៧៦ក្រាម ក្នុងនោះរួមមាន ប្រភេទមេតំហ្វេតាមីន ចំនួន ៣០គីឡូក្រាម និង ៩៤៦,៦៤ក្រាម ប្រភេទកេតាមីន ចំនួន ៩៩គីឡូក្រាម និង ៩៤៥.៥២ក្រាម ប្រភេទហេរ៉ូអ៊ុន ចំនួន ៦៩គីឡូក្រាម និង ៣៦៥,៦ក្រាម។
ក្រោយពីបានសាកសួរចម្លើយជនសង្ស័យ ពិនិត្យភស្តុតាងនានាជាឯកសារដែលមាននៅក្នុងសំណុំរឿង ព្រមទាំង វត្ថុតាងដែលដកហូតបាន តំណាងអយ្យការ បានសម្រេចចោទប្រកាន់ជនសង្ស័យទាំងអស់ខាងលើ និងបក្ខពួក ដែលជា ឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បទល្មើសព្រហ្មទណ្ឌដែលត្រូវបញ្ញត្តិ ឱ្យផ្តន្ទាទោសតាមមាត្រា ៤០ កថាខណ្ឌទី៧ ចំណុចទី៣ ចំណុចទី៤ និងមាត្រា ៤៨ កថាខណ្ឌទី៦ ចំណុចទី១ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ទៅចៅក្រមស៊ើបសួរដើម្បីអនុវត្តបន្ត តាមនីតិវិធីច្បាប់យ៉ាងតឹងរឹងបំផុត ។
ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនខាងលើនេះ អាចប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារពី ២០ឆ្នាំ ទៅ ៣០ឆ្នាំ ឬអស់មួយជីវិត។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕
ដោយ ៖ សិលា