ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបានបេីករថយន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឱ្យបាក់ខូចខាត១ដេីម ហើយតៃកុងភ័យពេកក៏ព្យាយាមបេីករត់គេចតែ មិនបានសម្រេចដោយសាររថយន្តខូចទៅមុខលែងរួច ទេីបសមត្ថកិច្ចឃាត់ជាប់ តែម្តង។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ៩យប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅត្រង់ចំណុចគល់ស្ពានអាកាសចោមចៅ តាមបណ្ដោយផ្លូវ ចោមចៅ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា នៅមុនពេលកេីតហេតុគេ ឃើញរថយន្តបង្កម៉ាក LEXUS RX300 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AM-2619 បេីកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រាបានធ្វើដំណើរតាមបណ្ដោយផ្លូវចោមចៅក្នុងទិសដៅពីកេីតមករេពេញផ្លូវ លុះមកដល់ត្រង់ចំណុចខាងលើក៏ជ្រុលចង្កូតទៅបុកឡេីងខឿន និងបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឱ្យបាក់ រលំទទឹងផ្លូវ ចំណែករថយន្តបង្កវិញរងការ ខូចខាតបែកកង់ម្ខាងខាងស្ដាំផ្នែក ខាងមុខនិងធ្លាយធុងទឹក ហេីយតៃកុងមានការភ័យស្លន់ស្លោបានព្យាយាមបេីករត់គេចខ្លួនឆ្ពោះទៅផ្លូវជាតិលេខ៤តែត្រូវបានពលរដ្ឋឃើញនាំគ្នាប្រដេញតាមពីក្រោយរហូត។ បន្ទាប់មក រថយន្តបានបត់ចូលទៅផ្លូវបេតុង ចំណុចភូមិព្រៃព្រីងខាងជើង២ បានបន្តិច ក៏ដាច់កាឡេទៅលែងរួច ។ បន្ទាប់មកពលរដ្ឋបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ឃាត់ខ្លួនតៃកុងរថយន្តយកសួរនាំ។
ក្រោយកេីតហេតុ រថយន្តបង្កខាងលើ ត្រូវបានខាងកម្លាំងនគរបាលផ្នែកជំនាញចរាចរណ៍ស្ទូចអូសយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីរង់ចាំធ្វើការដោះស្រាយពេលក្រោយ ៕ដោយ ៖ ភារ៉ា ដង្កោ