ខេត្តក្រចេះ ៖ វិហារអ៊ិស្លាមតម្លៃ ៧ ម៉ឺនដុល្លារដែលជាអំណោយរបស់អង្គការមូលនិធិអ៉ីម៉ាន់កម្ពុជាជូនបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមនៅស្រុកអូរគ្រៀងសែនជ័យត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ នេះក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងលោក Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរគ្រៀងសែនជ័យ ថ្នាក់ដឹកនាំខេត្តក្រចេះ និងតំណាងអង្គការមូលនិធិអ៉ីម៉ាន់កម្ពុជា ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាង ៣០០នាក់។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថានេះជាសមិទ្ធផលថ្មីសន្លាងមួយទៀតលើទឹកដីស្រុកអូរគ្រៀងសែនជ័យដែលជាស្រុកថ្មីមួយរបស់ខេត្តក្រចេះដែលទើបនឹងបង្កើត ហើយវិហារនេះនឹងប្រើប្រាស់ជាប្រ
យោជន៍របស់បងប្អូនខ្មែរឥស្លាមដែលរស់នៅក្នុងឃុំអូរគ្រៀង និងរស់នៅជុំវិញតំបន់នេះមកប្រតិបត្តិសាសនា របស់ខ្លួនគោរព។ លោករដ្ឋមន្ត្រីបានអំពាវនាវដល់បងប្អូនខ្មែរឥស្លាមចូលរួមថែរក្សាវិហារដែលកសាងដោយ ថវិកាសប្បុរសជនឱ្យបានល្អដើម្បីទុកប្រើប្រាស់សម្រាប់ពេលយូរអង្វែងទៀត។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះបាន ថ្លែងថាកម្ពុជាត្រូវបានគេវាយតម្លៃខ្ពស់លើដំណើរការនៃការកសាងសុខសន្តិភាព និងការបង្រួបបង្រួមជាតិ ក្រោមអនុវត្តនយោបាយឈ្នះឈ្នះដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន បញ្ចប់អង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម នាំយកសុខសន្តិភាពពេញលេញជូនជាតិ ដែលជាមេរៀនប្រវត្តិសាស្ត្រមួយយ៉ាងសំខាន់សម្រាប់បណ្តាប្រទេសនានាដកស្រង់បទពិសោធអនុវត្តដើម្បីបានសុខសន្តិភាព និងធានាបាននូវសន្តិភាពឱ្យបានគង់វង្ស។
ជាមួយគ្នានេះ ប្រទេសនានានៅលើពិភពលោកក៏បានវាយតម្លៃខ្ពស់និងកោតសរសើរកម្ពុជាពីសុខដុមនីយកម្មសាសនាក្នុងសង្គមកម្ពុជា។ លោករដ្ឋមន្ត្រីបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសាមគ្គីភាពជាតិ និងថែរក្សាសុខសន្តិភាពដែលរកបានដោយពិបាកនេះឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត, មានសុខសន្តិភាព គឺមានអ្វីៗទាំងអស់។
លោក Mohd Kahliab Bin Zainal Abidin ស្ថាបនិកនៃអង្គការមូលនិធិអ៉ីម៉ាន់កម្ពុជា និងជាតំណាងម្ចាស់ជំនួយបានថ្លែងថា វិហារឥស្លាមមាតាបិតា ណាជ្ជីម រីចយ៉ាល់ មានទីតាំងស្ថិតក្នុងភូមិស្រែអំពិល ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះមានទំហំទទឹង ១០ ម៉ែត្រ និងបណ្តោយ ១៥ ម៉ែត្រសាងសង់អំពីបេតុង។ គម្រោងនេះចាប់ផ្តើម សាងសង់នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ និងបញ្ចប់នៅខែមេសា ឆ្នាំ២០២៤ ដោយចំណាយថវិកាចំនួន ៦៩ ៦៧១ ដុល្លារអាម៉េរិកដែលជាអំណោយរបស់សប្បុរសជនមកពីប្រទេសសិង្ហបុរី។
សម្រាប់ឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា, បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិ។ ឯកឧត្តមបានបង្ហាញការរីករាយសប្បាយចិត្តដែលត្រូវបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិហារឥស្លាមនេះ និងបង្ហាញពីទំនាក់ទំនងការទូតដ៏ល្អប្រសើររវាងកម្ពុជា និងម៉ាឡេស៊ី និងក៏ជាទំនាក់ទំនងល្អរវាងប្រជាជននិងប្រជាជនផងដែរ៕
ដោយ ៖ សិលា