សារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានផ្សាយថា នៅថ្ងៃចន្ទនេះ មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te បាននិយាយថា តៃវ៉ាន់និងចិន ត្រូវតែនិយាយជាមួយគ្នា ដើម្បីស្វែងរកសន្តិភាព នៅចំពោះមុខការប្រែប្រួលជាច្រើន ក្នុងស្ថានការណ៍អន្តរជាតិ ហើយរូបលោកបានស្នើឱ្យមានកិច្ចសន្ទនា ជំនួសការប្រឈមមុខគ្នា។
ថ្លែងនៅទីក្រុងតៃប៉ិ ទៅកាន់សមាជិកនៃសហគមន៍ធុរកិច្ចតៃវ៉ាន់ ដែលមានការវិនិយោគនៅប្រទេសចិន លោក Lai បាននិយាយថា សត្រូវរួមរបស់តៃវ៉ាន់និងចិន គឺគ្រោះមហន្តរាយធម្មជាតិ ហើយគោលដៅរួមវិញនោះ គឺសុខុមាលភាពរបស់ប្រជាជននៅត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់។ លោក Lai បានបន្តថា ដូច្នេះហើយ ជាពិសេសចំពេលដែលស្ថានការណ៍អន្តរជាតិ ជួបភាពប្រែប្រួលជាច្រើន ភាគីទាំងពីរគួរតែមានកិច្ចសន្ទនា និងការធ្វើប្រាស្រ័យទាក់ទងល្អជាមួយគ្នា ដើម្បីសម្រេចបានគោលដៅនៃសុខសន្តិភាព។
មេដឹកនាំតៃវ៉ាន់រូបនេះ បានបន្តថា តៃវ៉ាន់ស្វាគមន៍កិច្ចពិភាក្សាជានិច្ចជាមួយចិន ដោយឈរលើគោលការណ៍ស្មើភាពគ្នា គ្មានបុរេលក្ខខណ្ឌ ហើយការសន្ទនាគួរតែជំនួសឱ្យ ការប្រឈមមុខដាក់គ្នា ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា មានតែប្រជាជនតៃវ៉ាន់ផ្ទាល់ប៉ុណ្ណោះ ដែលមានសម្រេចអនាគតរបស់ដែនកោះនេះបាន។
លោក Lai ដែលត្រូវចិនចាត់ទុកជាបុគ្គលផ្តាច់ខ្លួនដ៏គ្រោះថ្នាក់ ធ្លាប់បានអំពាវនាវម្តងហើយម្តងទៀត ឱ្យមានកិច្ចពិភាក្សាជាមួយទីក្រុងប៉េកាំង ដែលបាននិងកំពុងបង្កើន សម្ពាធទាំងផ្នែកនយោបាយ និងយោធាប្រឆាំងតៃវ៉ាន់។ ដែនកោះនេះ ត្រូវចិនចាត់ទុកជាផ្នែកមិនអាចកាត់ផ្តាច់បាន នៃទឹកដីរបស់ខ្លួន។ យ៉ាងណាមិញ នាពេលនេះ ទាំងចិននិងតៃវ៉ាន់ សុទ្ធតែកំពុងប្រឈមសម្ពាធដូចគ្នា ពីរដ្ឋបាលអាមេរិកថ្មី របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលទើបតែបានប្រកាសយកពន្ធបន្ថែមលើចិន ហើយធ្លាប់បានគំរាម ចំណាត់ការស្រដៀងគ្នា ប្រឆាំងនឹងគ្រឿងបន្ទះឈីប ឬ semicondutor ដែលជាឧស្សហកម្ម តៃវ៉ាន់កំពុងនាំមុខលើពិភពលោក៕ ដោយធីរីណា
រូបថត: Reuters