ខេត្តកណ្តាល៖ បុរសម្នាក់ឈ្មោះឆានបូរាណហៅនាយចឺម បានលង់ទឹកស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៥ គ្រាដែលជនរងគ្រោះហែលទឹកបណ្តែតមងតាមខ្សែទឹកទន្លេមេគង្គ ស្ថិតក្នុងភូមិលើ ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆាន បូរាណ ហៅចឺម ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ ជាកសិករ ជនជាតិខ្មែរ មានទីនៅភូមិលើ ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះខាងលើនេះហែលទឹកតោងពោងបណ្តែតមងនៅតាមបណ្តោយខ្សែទឹកដងទន្លេមេគង្គជាមួយក្មួយប្រុសឈ្មោះ ម៉ៅ ផារី អាយុ១៤ឆ្នាំ ដើម្បីចាប់យកត្រីយកធ្វើម្ហូប ។ ពេលកំពុងហែលទឹកបណ្តែតមងនោះដែរជនរងគ្រោះបានយកខ្សែកំសួលមង មកចងជាប់និងចង្កេះរបស់ខ្លួន ខណៈកំពុងហែលទឹកនោះពោងបានអណ្តែតចេញពីខ្លួនជនរងគ្រោះ ធ្វើឲ្យជនរងគ្រោះខំប្រឹងស្រវេស្រវាហែលទឹកតាមយកពោងមកវិញ បណ្តាលឲ្យជើងជនរងគ្រោះរំជាមួយមងដែលបណ្តែតនោះ ទើបធ្វើឲ្យជនរងគ្រោះហែលទឹកមិនរួចលង់ទឹកស្លាប់ភ្លាមៗមួយរំពេចគ្រាដែលមិនមាននណាម្នាក់ចូលទៅជួយសង្រ្គោះទាន់ពេលវេលា ។
បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅលំនៅឋានវិញ ៕ស្អាងជ័យ