ភ្នំពេញ៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ នៅយប់ថ្ងៃទី៧ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះពិនិត្យទីតាំងអាជីវកម្មភោជនីយដ្ឋាន យីហោ នីរ៉ា ផាប់ ដែលស្ថិតនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រុមការងារបានត្រួតពិនិត្យឃើញថាទីតាំងខាងលើនេះពុំមានច្បាប់អនុញ្ញាតប្រកបអាជីវកម្ម និងបានបង្កសំឡេងរំខាន់ធ្វើឲ្យប៉ះពាល់ដល់អ្នកជិតខាង ។
អាជ្ញាធរបានឲ្យដឹងថា ដោយបានការអនុញ្ញាតពី លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ
លោក សំ សារ៉ាវុធ អភិបាលរងខណ្ឌ បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ និងសង្កាត់ចុះពិនិត្យទីតាំងអាជីវកម្មភោជនីយដ្ឋាន នីរ៉ា ផាប់ ដោយឃេីញថា ទីតាំងខាងលេីពុំមានច្បាប់អនុញ្ញាតប្រកបអាជីវកម្ម និងបានបង្កសំឡេងរំខាន់ធ្វើឲ្យប៉ះពាល់ដល់អ្នកជិតខាង ក្រុមការងារបានធ្វើកំណត់ហេតុ និងអប់រំណែនាំឲ្យម្ចាស់អាជីវកម្មខាងលើរួមមាន៖
១-មិនត្រូវប្រើប្រាស់ឧបករណ៍បំពងសំឡេង ឬ សំឡេងស្រែកឡូឡាហ៊ោរកញ្រ្ជៀវរំខានដល់អ្នកជិតខាង
២-ត្រូវគោរព និងអនុវត្តតាមសេចក្ដីប្រកាសដាក់ឲ្យអនុវត្តនូវគោលការណ៍ណែនាំបច្ចេកទេសការត្រួតពិនិត្យការរំខានដោយសំឡេង
៣-ហាមប្រើប្រាស់បារីអេឡិចត្រូនិចគ្រប់ប្រភេទនៅក្នុងទីតាំងអាជីវកម្ម
៤-ហាមលេងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងទីតាំងអាជីវកម្ម
៥-ហាមប្រើប្រាស់ ចែកចាយ និងជួញដូរគ្រឿងញៀនគ្រប់ប្រភេទ
៦-មិនត្រូវយកផ្លូវសាធារណៈធ្វើជាចំណតម៉ូតូ ឬរថយន្ដរបស់ភ្ញៀវទេ ។
ប្រសិនបេីម្ចាស់ទីតាំងមិនអនុវត្តតាមការអប់រំណែនាំនៅតែបំពានអាជ្ញាធរនឹងចាត់វិធានការតាមនីតិវិធី៕ដោយ៖សុខាសែនជ័យ