លោកអភិសន្តិបណ្ឌិត រំលេចកិច្ចការអាទិភាព៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃរិះរកវិធីសាស្រ្តពង្រឹងគុណភាព បន្ថែមលើភារកិច្ចស្នូល!

ចែករំលែក៖

ភ្នំពេញ ៖ សន្និបាតត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព បានប្រារព្ធពិធីបើកនាព្រឹកថ្ងៃទី១២ ខែកម្ភៈ ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ សន្និបាតបានរៀបចំនៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ថ្លែងបើកសន្និបាតនាឱកាសនោះ លោកអភិសន្តិបណ្ឌិត ស សុខា បានទាញចំណាប់អារម្មណ៍អង្គសន្និបាត ដោយរំលេចអំពីសារសំខាន់ នៃការយកចិត្តទុកដាក់ពិភាក្សា និងរិះរកវិធីសាស្រ្តល្អៗដើម្បីពង្រឹងកិច្ចការចំនួន៣ បន្ថែមលើភារកិច្ចស្នូល គឺទី១.ការអភិវឌ្ឍធនធានមនុស្ស ទី២.ការផ្ដល់សេវាសាធារណៈ និងទី៣.ការអភិវឌ្ឍឌីជីថល។

ពាក់ព័ន្ធការអភិវឌ្ឍធនធានមនុស្ស ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់អំពីគោលដៅនៃយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបាននិងកំពុងយកចិត្តទុកដាក់ធ្វើកំណែទម្រង់ធនធានមនុស្សក្នុងចំណោមមន្រ្តីរាជការស៊ីវិល កងកម្លាំង និងមន្រ្តីកិច្ចសន្យាជាដើម ដោយផ្ដោតលើការពង្រឹងសមត្ថភាពមន្រ្តីដែលមានស្រាប់។ ឯកឧត្តមបានលើកឡើងអំពីភាពចាំបាច់នៃការពង្រឹងការបណ្តុះបណ្តាលកម្រិតផ្ទៃក្នុង និងការបណ្តុះបណ្តាលទូទៅ ដើម្បីធានាប្រសិទ្ធភាពនៃការបំពេញការងារបម្រើសេវាសាធារណៈ ទាំងថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

ចំពោះការផ្តល់សេវាសាធារណៈ លោកអភិសន្តិបណ្ឌិត បានលើកឡើងអំពីភាពចាំបាច់ នៃការពង្រឹងគុណភាពនៃការអនុវត្តមុខងារដែលថ្នាក់ជាតិ បានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ នូវប្រភេទសេវាប្រមាណ៨០០។ បើតាមប្រមុខក្រសួងមហាផ្ទៃ ការផ្ដល់សេវា ជាពិសេសសេវានៅយន្តការច្រកចេញចូលតែមួយ ត្រូវតែធ្វើឡើងប្រកបដោយតម្លាភាព គណនេយ្យភាព និងធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋពេញចិត្ត តាមរយៈការរិះរកវិធីសាស្ត្រថ្មីៗ ល្អៗ ងាយៗ ដើម្បីឱ្យការបម្រើសេវាកាន់តែមានគុណភាព។

ចំណែកការអភិវឌ្ឍឌីជថល លោកអភិសន្តិបណ្ឌិត បានគូសបញ្ជាក់អំពីភាពចាំបាច់ នៃការពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាព និងមន្ត្រី ដើម្បីសម្របខ្លួនឱ្យទាន់ការវិវត្តន៍នៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថល សម្រាប់គាំទ្រលើការងារប្រចាំថ្ងៃ និងធ្វើយ៉ាងណា ឱ្យបច្ចេកវិទ្យាឌីជីថលចូលរួមជួយដល់កិច្ចការងារបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានកាន់តែប្រសើរជាងមុន និងប្រកបដោយសុវត្ថិភាព។ ឯកឧត្តមក៏បានសង្កត់ធ្ងន់អំពីភាពចាំបាច់នៃការរៀបចំ និងអនុវត្តប្រព័ន្ធឌីជីថលប្រកបដោយភាពប្រទាក់ក្រឡា ដើម្បីឱ្យក្លាយទៅជាស្តង់ដារតែមួយក្នុងការអនុវត្ត។

សូមបញ្ជាក់ថា សន្និបាតក្រសួងមហាផ្ទៃនឹងបន្តរហូតដល់ថ្ងៃទី១៣ ខែកុម្ភៈស្អែកនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសំណូមពរដល់អង្គសន្និបាតចូលរួមបញ្ចេញជាមតិយោបល់ និងទស្សនាទានឱ្យបានផុលផុសលើប្រធានបទពិភាក្សា ភ្ជាប់នឹងអ្វីដែលឯកឧត្តមបានរំលេចខាងដើម។ ប្រធានបទនៃកិច្ចពិភាក្សាក្នុងសន្និបាត មានចំនួន៣ រួមមាន ទី១.ការអនុវត្តមុខងារ និងធនធាន (ហិរញ្ញវត្ថុ និងបុគ្គលិក) ដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ អំពីផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដី អំពីទំនាក់ទំនងការងារ រវាងគណៈអភិបាល និងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទី២.ការពង្រឹងសន្តិសុខជាតិ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ទី៣.ការធ្វើទំនើបកម្មស្ថាប័ន ការគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្ស និងការផ្តល់សេវារដ្ឋបាល។

ពិធីបិទនឹងប្រារព្ធឡើង ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print