ខេត្តតាកែវៈ បន្ទាប់ពីបានចុះពិនិត្យការងារអន្តរាគមន៍បូមទឹកនៅប្រឡាយមេហនុមាន ស្រុកបាទី ខេត្តតាកែវ រួចមក នៅរសៀលថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៦ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដំណើរពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផល នៅក្នុងខេត្តកំពត ។
ក្នុងការចុះពិនិត្យនេះ លោករដ្ឋមន្ត្រី បានជម្រុញឲ្យមានការសិក្សាជាបន្ទាន់ ដើម្បីពង្រីកលទ្ធភាព និងធានានូវសក្តានុពលទឹក សម្រាប់ផ្គត់ផ្គង់ដល់តំបន់តន់ហន់ ស្ថិតក្នុងឃុំតន់ហន់ ស្រុកកំពង់ត្រាច និងឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ដែលជាតំបន់ផលិតស្រូវដ៏មានសក្តានុពលមួយរបស់ខេត្តកំពត ។ បច្ចុប្បន្ន តំបន់តន់ហន់ ផលិតស្រូវវស្សា ១២.០០០ ហិកតា និងស្រូវប្រាំង ៧.០០០ ហិកតា ។ តាមរយ:នៃការគិតគូរបន្ថែមសក្តានុពលទឹក ប្រកបដោយនិរន្តរភាពនេះ ថ្ងៃខាងមុខ តំបន់តន់ហន់ អាចនឹងឈានទៅផលិតស្រូវវស្សាបានប្រមាណ ១៥.០០០ ហិកតា និងប្រាំង ១០.០០០ ហិកតា និងអាចធ្វើបាន ៣ ដង ក្នុង ១ ឆ្នាំ ៕
ដោយ សុខ ខេមរា