សភាវៀតណាមនៅថ្ងៃពុធ (១៩កុម្ភៈ) បានអនុម័តផែនការសម្រាប់ការតភ្ជាប់ផ្លូវដែកតម្លៃ ៨ ពាន់លានដុល្លារពីទីក្រុងកំពង់ផែភាគខាងជើងដ៏ធំបំផុតរបស់ខ្លួនទៅកាន់ព្រំដែនជាមួយប្រទេសចិន ដោយជំរុញទំនាក់ទំនង និង ការធ្វើពាណិជ្ជកម្មការវាងប្រទេស កុម្មុយនិស្តទាំងពីរ កាន់តែងាយស្រួល។
ខ្សែរថភ្លើងថ្មីនេះនឹងដំណើរការកាត់មជ្ឈមណ្ឌលផលិតកម្មសំខាន់ៗមួយចំនួនរបស់ប្រទេសវៀតណាម ដែលជាកន្លែងរបស់ក្រុមហ៊ុន Samsung, Foxconn, Pegatron និងក្រុមហ៊ុនយក្សលើសកលលោកផ្សេងទៀត ដែលភាគច្រើនពឹងផ្អែកលើការនាំចូលជាប្រចាំនៃសមាសធាតុពីប្រទេសចិន។
ផ្លូវនេះនឹងលាតសន្ធឹងប្រវែង 390 គីឡូម៉ែត្រពីទីក្រុងកំពង់ផែ Haiphong ទៅកាន់ទីក្រុងភ្នំ Lao Cai ដែលមានព្រំប្រទល់ជាប់ខេត្ត Yunnan របស់ប្រទេសចិន ហើយនឹងរត់កាត់រដ្ឋធានីហាណូយផងដែរ។
អ្នកកាសែតបារាំង AFP បាននិយាយថា ការសាងសង់ផ្លូវរថភ្លើងត្រូវបានគាំទ្រនៅក្នុងការបោះឆ្នោតដោយសមាជិកសភា 95 ភាគរយនៅក្នុងរដ្ឋសភារបស់ប្រទេសវៀតណាម។
ប្រទេសចិននឹងផ្តល់មូលនិធិមួយចំនួនតាមរយៈប្រាក់កម្ចីសម្រាប់គម្រោងនេះ ដែលត្រូវបានគេរំពឹងថានឹងចំណាយអស់ជាង 8 ពាន់លានដុល្លារអាមេរិក។
ផ្លូវដែកមួយខ្សែនេះគឺជាផ្លូវរថភ្លើងមួយក្នុងចំណោមខ្សែរថភ្លើងចំនួនពីរទៅកាន់ប្រទេសចិន ដែលវៀតណាមគ្រោងជាផ្នែកមួយនៃគំនិតផ្តួចផ្តើម “ច្រករបៀងពីរ ខ្សែក្រវ៉ាត់មួយ” របស់ខ្លួន ដែលតភ្ជាប់ទៅកម្មវិធីហេដ្ឋារចនាសម្ព័ន្ធ ផ្លូវខ្សែក្រវ៉ាត់ពិភពលោករបស់ទីក្រុងប៉េកាំង។
ការអនុម័តនេះធ្វើឡើងក្នុងរយៈពេលជាងមួយឆ្នាំបន្ទាប់ពីប្រទេសជិតខាងគ្នានេះបានសន្យាថានឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមរបស់ប្រធានាធិបតី Xi Jinping ខណៈដែលទីក្រុងប៉េកាំងបានស្វែងរកការប្រឆាំងនឹងការកើនឡើងឥទ្ធិពលរបស់សហរដ្ឋអាមេរិកជាមួយទីក្រុងហាណូយ។
ភាគីខាងវៀតណាមនិយាយថា ការសិក្សាលទ្ធភាពសម្រាប់ផ្លូវដែក Haiphong-Lao Cai នឹងចាប់ផ្តើមនៅឆ្នាំនេះ ហើយខ្លួនចង់ឱ្យវាធ្វើញ្ចប់ត្រឹមឆ្នាំ 2030។ ខ្សែរថភ្លើងដែលលាតសន្ធឹងលើខេត្ត-ក្រុងចំនួនប្រាំបួន នឹងដើរតាមគន្លងផ្លូវដែកដែលមានស្រាប់ដែលត្រូវបានសាងសង់ក្នុងសម័យអាណានិគមបារាំង។
បច្ចុប្បន្នរថភ្លើងអាចរត់លើផ្លូវដែកនោះក្នុងល្បឿនត្រឹមតែ 50 គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ ប៉ុន្តែវៀតណាមនិយាយថាខ្សែថ្មីនេះនឹងផ្ទុកទាំងរថយន្តដឹកអ្នកដំណើរ និងដឹកទំនិញដែលមានល្បឿនរហូតដល់ 160 គីឡូម៉ែត្រក្នុងមួយម៉ោង៕