អន្តរជាតិ ៖ សភារបស់ប្រទេសវៀតណាម បានអនុម័តជាផ្លូវការនូវផែនការធ្វើកំណែទម្រង់ដ៏ធំមួយ របស់រដ្ឋាភិបាលក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដែលនឹងកាត់បន្ថយការងាររាប់ពាន់នាក់។
ការបោះឆ្នោតអនុម័តនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារក្នុងកិច្ចប្រជុំវិសាមញ្ញមួយ របស់រដ្ឋសភាក្នុងទីក្រុងហាណូយ។
មន្ត្រីរដ្ឋការវៀតណាមប្រមាណ ១សែននាក់នឹងរងផលប៉ះពាល់ ដោយសាររដ្ឋាភិបាលកំណត់គោលដៅកាត់បន្ថយទំហំក្រសួង ស្ថាប័នរដ្ឋាភិបាល និងកម្លាំងពលកម្មប្រហែល ២០% ក្នុងការរៀបចំរចនាសម្ព័ន្ធឡើងវិញដ៏ធំបំផុត គិតចាប់តាំងពីប្រទេសវៀតណាម បានអនុម័តកំណែទម្រង់គាំទ្រទីផ្សារក្នុងទសវត្សរ៍ឆ្នាំ១៩៨០។
ក្រសួងចំនួន៥នឹងត្រូវបានលុបចោល ខណៈក្រសួងមួយចំនួនទៀតនឹងត្រូវច្របាច់បញ្ចូលគ្នា។ ស្ថាប័នព័ត៌មានរដ្ឋនឹងត្រូវកាត់បន្ថយដោយស្ថានីយទូរទស្សន៍រដ្ឋជាច្រើនត្រូវបិទទ្វារ ហើយកាសែតនិងទស្សនាវដ្តីជាច្រើនត្រូវបានបិទចោល។
វប្រធានបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡាំ (To Lam) បាននិយាយនៅក្នុងសុន្ទរកថាមួយកាលពីខែធ្នូថា៖ «ពេលខ្លះយើងត្រូវលេបថ្នាំល្វីង ស៊ូទ្រាំនឹងការឈឺចាប់ និងកាត់ចេញដុំសាច់ខូចចោលដើម្បីឱ្យមានរាងកាយដែលមានសុខភាពល្អនិងរឹងមាំ»។
កំណែទម្រង់នេះត្រូវបានគេមើលឃើញថាជាគន្លឹះមួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចឱ្យសម្រេចបាន ៨% ដែលនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh កំពុងជំរុញក្នុងឆ្នាំនេះក្នុងគោលបំណងដើម្បីខិតខំឱ្យមានកំណើនពីរខ្ទង់ក្នុងឆ្នាំខាងមុខ៕
ដោយ ៖ សិលា