សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធី “បើកសប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្របខណ្ឌគោលនយោបាយជាតិ គាំពារសង្គម ឆ្នាំ២០២៤-២០៣៥”

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបើកសប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ នាព្រឹកថ្ងៃព្រហស្បតិ៍ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ថា គោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥, ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា បានបោះជំហានប្រកបដោយវឌ្ឍនភាព និងទទួលបានសមិទ្ធផលដ៏ច្រើន គួរជាទីមោទនៈ។

សមិទ្ធផលទាំងនេះ ជាទឡីករណ៍ជាក់ស្តែងនៃកិច្ចខិតខំក្នុងគ្រប់កាលៈទេសៈ របស់រាជរដ្ឋាភិបាល នៃបណ្តានីតិកាលកន្លងទៅ នៃរដ្ឋសភា ក៏ដូចជាបង្ហាញពីលទ្ធផលយ៉ាងច្បាស់លាស់ នៃការអនុវត្ត កម្មវិធីគោលនយោបាយអាទិភាព ដែលរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញ ។

នាឱកាសដ៏ពិសេសនេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានធ្វើការប្តេជ្ញាបន្តកំណត់យក ការលើកស្ទួយសុខុមាលភាព និង ជីវភាពរបស់ប្រជាពលរដ្ឋ, ការអភិវឌ្ឍមូលធនមនុស្ស និង ការកាត់បន្ថយភាពក្រីក្រ ជាការងារអាទិភាពចំពោះមុខ ក្នុងស្មារតី មិនបោះបង់ពលរដ្ឋណាម្នាក់ ដោយ សម្តេចបវរធិបតី នៅតែបន្តប្តូរផ្តាច់ដឹកនាំនាវាគាំពារសង្គមកម្ពុជា ដោយធ្វើដំណើរទៅមុខ យ៉ាងស្វាហាប់ ប្រកបដោយនិរន្តរភាព ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។

ក្នុងគោលបំណង ឱ្យពលរដ្ឋកម្ពុជានឹងទទួលបានការគាំពារកាន់តែប្រសើរជាងមុន, រាជរដ្ឋាភិបាលកំណត់អភិក្រមថ្មី គឺអភិក្រមហានិភ័យនៃវដ្តជីវិត ដែលពលរដ្ឋនឹងទទួលបាននូវការគាំពារ ចាប់ពីការចាប់កំណើតដំបូង នៅក្នុងផ្ទៃម្តាយ រហូតដល់ដំណាក់កាលចុងក្រោយនៃវដ្តជីវិតរបស់មនុស្សម្នាក់ៗ ស្របតាមហានិភ័យ នៃវដ្តជីវិតទាំង ៧ រួមមាន ៖ ១/ មាតុភាព និងហានិភ័យកុមារភាព, ២/ ហានិភ័យសុខភាព, ៣/ ហានិភ័យ ការងារ, ៤/ ពិការភាព, ៥/ និកម្មភាព, ៦/ ភាពគ្មានជម្រក និង ៧/ ជរាភាព និងឧត្តរជីវី។

មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញអនុសាសន៍ ដល់ក្រសួង- ស្ថាប័ន ដើម្បីជំរុញការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥៖ ១. ក្រសួងសុខាភិបាល ត្រូវធានាថា ពលរដ្ឋគ្រប់រូប រួមទាំងពលរដ្ឋដែលប្រើប្រាស់បណ្ណសមធម៌, បណ្ណងាយរងហានិភ័យ និងបណ្ណ ប.ស.ស. ទទួលបានទាន់ពេលនូវសេវាសុខាភិបាលសារវន្ត ដើម្បី ចៀសវាងនូវការថ្នាំងថ្នាក់ ដែលអាចផ្តល់កម្មវិបាកអវិជ្ជមាន លើការអនុវត្តគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាល ក្នុងដំណើរឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ។ ២. មូលនិធិជាតិ ជំនួយសង្គម ដែលជាប្រតិបត្តិករទោលក្នុងប្រព័ន្ធជំនួយសង្គម ត្រូវពង្រឹងយន្តការនៃការបើកផ្តល់អត្ថប្រយោជន៍គាំពារសង្គម ដល់អ្នកទទួលផល, និងត្រូវដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធឱ្យបាន ទាន់ពេល ព្រមទាំងពង្រីកការផ្សព្វផ្សាយបន្ថែម ដើម្បីឱ្យសាធារណជន, ជាពិសេស ពលរដ្ឋគោលដៅ, បានយល់កាន់តែច្បាស់អំពីអត្ថប្រយោជន៍នៃកម្មវិធីជាតិជំនួយសង្គមរបស់រាជរដ្ឋាភិបាល ។ ៣. ក្រសួង ផែនការ និង ក្រសួងមហាផ្ទៃ, តាមរយៈរដ្ឋបាលរាជធានី-ខេត្ត, ក្រុង-ស្រុក-ខណ្ឌ និងឃុំ-សង្កាត់, ត្រូវធានាថា ការកំណត់អត្តសញ្ញាណត្រូវបានធ្វើឡើងចំគោលដៅ និងប្រកបដោយសុក្រឹតភាព ព្រមទាំងត្រូវពន្លឿនការធ្វើបច្ចុប្បន្នភាព និងការកំណត់អត្តសញ្ញាណពលរដ្ឋគោលដៅ ឱ្យបានជាប្រចាំ ដើម្បីចៀសវាងនូវការខកខាន ក្នុងការទទួលបានអត្ថប្រយោជន៍គាំពារសង្គម ដោយសារបណ្ណសមធម៌ ឬ បណ្ណងាយរងហានិភ័យរបស់ពួកគាត់ មិនត្រូវបានផ្តល់ជូន ឬ ផុតសុពលភាព។ ៤. ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវជំរុញការផ្សព្វផ្សាយអំពីកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់យុវជន មកពីគ្រួសារមានបណ្ណសមធម៌ និង គ្រួសារមានបណ្ណងាយរងហានិភ័យ ដើម្បីសម្រេចបានគោលដៅ ក៏ដូចជា ត្រូវបន្តបង្កើនប្រសិទ្ធភាព ក្នុងការអនុវត្តរបបសន្តិសុខសង្គមនានា ព្រមទាំងត្រូវបន្តសហការ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការជំរុញការកែទម្រង់ប្រព័ន្ធសោធន នៅកម្ពុជា។ ៥. និយ័តករ សន្តិសុខសង្គម ត្រូវបន្តពង្រឹងសមត្ថភាពស្ថាប័ន ដើម្បីអនុវត្តមុខងារនិយ័តកម្ម និងត្រួតពិនិត្យ ប្រតិបត្តិការរបបសន្តិសុខសង្គម ដែលកំពុងរីកធំឡើងៗ ឱ្យកាន់តែមានប្រសិទ្ធភាព និងរក្សាបាននូវ ភាពរឹងមាំ និងចីរភាពហិរញ្ញវត្ថុ នៃមូលនិធិសន្តិសុខសង្គម ដែលធានាបាននូវសិទ្ធិ និងអត្ថប្រយោជន៍ ពេញលេញ របស់សមាជិក ក្នុងរយៈពេលវែង ។ ៦. ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ ដែលជាអង្គភាព មួយចំណុះឱ្យក្រុមប្រឹក្សាជាតិគាំពារសង្គម ត្រូវធានាសុក្រឹតភាពនៃការបញ្ជាក់ចំណាយ នៅតាមមូលដ្ឋាន សុខាភិបាលផ្តល់សេវា ក្រោមប្រព័ន្ធគាំពារសង្គម នៅទូទាំងប្រទេស ដោយសហការជិតស្និទ្ធជាមួយ ក្រសួងសុខាភិបាល តាមការចាំបាច់ និងឱ្យបានទាន់ពេល ។ ៧.

...

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ គាំពារសង្គម ត្រូវពង្រឹងយន្តការសម្របសម្រួលការអនុវត្តគោលនយោបាយ និងយន្តការតាមដាន និងវាយតម្លៃការអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមនានា ដើម្បីរួមគ្នាធានាថា គ្មានពលរដ្ឋណាម្នាក់ត្រូវបានបោះបង់ ដោយមិនមានការយកចិត្តទុកដាក់ នោះឡើយ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print