ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាកតូយ៉ូតាព្រូសមួយគ្រឿងក្នុងល្បឿនលឿន ដោយបើកខ្វះការប្រុងប្រយ័ត្នបាន ជ្រុលចង្កូតឡើងសួនច្បារពុះចែកផ្លូវ រួចក៏បន្ដទៅបុកបង្គោលថ្មបាក់អស់មួយដើមចំណែករថយន្តបង្កហេតុបានក្រឡាប់ផ្ងារជើងទ្រមេឃ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៣ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០០៣ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកតូយូ៉តាព្រូស ពណ៌ទឹកប្រាក់មួយគ្រឿងពាក់ផ្លាកលេខ 2AD-2659 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាម បណ្តោយផ្លូវលេខ១០០៣ក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនលឿន ពេលបើកមកដល់ចំនុចកើតហេតុខាងលើ ដោយខ្វះការប្រុងប្រយ័ត្នក៏រេចង្កូតរថយន្តមកខាងឆ្វេងដៃឡើងលើសួនពុះចែកទ្រូងផ្លូវ រួចបន្តល្បឿនទៅបុកបង្គោលថ្មយ៉ាងពេញទំហឹងបណ្តាលឱ្យក្រឡាប់ ផ្ងារជើងទ្រមេឃខូចខាតយ៉ាងដំណំ ហើយភ្លាមៗនោះដែរអ្នកបើករថយន្តបង្ក បានលូនចេញពីក្នុងរថយន្ដគេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ចុះមកដល់ធ្វើការវាស់វែងរួចយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំភាគីម្ចាស់រថយន្តបង្កចូលខ្លួនដោះស្រាយនៅពេលក្រោយ ៕ដោយ ៖ ភារ៉ា ដង្កោ