ភ្នំពេញ៖ នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ភ្នំពេញ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC-ស៉ីម៉ាក់) និងលោក Ayumu TAKAHASHI ប្រធានក្រុមប្រឹក្សាអង្គការ On The Road កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចូលរួមពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាលើគម្រោងផ្ទេរបច្ចេកវិទ្យាក្នុងការកែច្នៃសំណល់ជ័រ/លោហធាតុនៃយុទ្ធភណ្ឌសង្រ្គាមដេីម្បីផលិតអនុស្សាវរីយ៍ រវាងអង្គភាពស៊ីម៉ាក់ និងអង្គការ On The Road។
លោក ហេង រតនា បានឱ្យដឹងថា តាមរយៈកិច្ចព្រមព្រៀងនេះអង្គភាពស៊ីម៉ាក់ នឹងបង្កើតរោងជាងសម្រាប់ធ្វើការកែច្នៃ សំណល់ជ័រ/លោហធាតុនៃយុទ្ធភណ្ឌសង្រ្គាម ដោយមានការបណ្តុះបណ្តាលដោយអ្នកជំនាញវិចិត្រជប៉ុននៅប្រទេសជប៉ុន ព្រមទាំងជួយរៀបចំសម្ភារបច្ចេកទេសសម្រាប់ផលិតនៅកម្ពុជាដោយដោយអង្គភាពស៊ីម៉ាក់ម្ចាស់ការផលិតដោយខ្លួនឯង។ គម្រោងនេះនឹងផ្តល់ការងារដល់ជនពិការ និងចូលរួមផលិតនិងលក់បម្រើឱ្យទីផ្សារអនុស្សាវរីយ៍នៅសារមន្ទីរតេជោសន្តិភាព ស្ថិតនៅក្នុងខេត្តសៀមរាបនិងនៅទីផ្សារនៅប្រទេសជប៉ុន។
គួររំលឹកផងដែរថាកាលពីកំឡុងខែសីហា ឆ្នាំ២០២៤ លោកអគ្គនាយកស៉ីម៉ាក់ ធ្លាប់បានជួបពិភាក្សាការងារនេះជាមួយវិចិត្រជប៉ុនដែលមានគំនិតកែច្នៃសារធាតុជ័រសំរាមនៅតាមសមុទ្រ រើសមកកែច្នៃជាវត្ថុអនុស្សាវរីយ៍មានតម្លៃ នៅខេត្តអូគីណាវ៉ា។
អង្គភាពស៊ីម៉ាក់ក៏មានគោលបំណងកែច្នៃសំណល់គ្រាប់មីន និងយុទ្ធភណ្ឌសង្គ្រាមឱ្យក្លាយជាវត្ថុអនុស្សាវរីយ៍ បម្រើឱ្យទីផ្សារអនុស្សាវរីយ៍នៅសារមន្ទីរតេជោសន្តិភាព ក៏ដូចជាការប្រែក្លាយពីវត្ថុសម្រាប់សម្លាប់មនុស្ស ទៅជាវត្ថុដែលអាចបម្រើមនុស្សដោយសន្តិភាព។ តាមរយៈគម្រោងផែនការនេះ អង្គភាពស៊ីម៉ាក់ នឹងផ្តល់ដល់ជនពិការដោយសារមីន មានលទ្ធភាពបម្រើការងារក្នុងសិប្បកម្មផលិតវត្ថុអនុស្សាវរីយនេះ និងលក់ដូរនៅសារមន្ទីរតេជោសន្តិភាព៕