ខេត្តក្រចេះ៖ ជនកំពុងជាប់ឃុំនៅក្នុងពន្ធនាគារខេត្តក្រចេះ វ័យ២៩ឆ្នាំម្នាក់បានស្លាប់កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែសីហា នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ហើយការស្លាប់របស់ជនជាប់ឃុំម្នាក់នេះត្រូវបានមន្រ្តីអនុរក្សពន្ធនាគារអះអាងថា គឺស្លាប់ដោយសារជននេះមានជម្ងឺសួត និងក្រពះធ្ងន់ធ្ងរតាំងពីថ្ងៃចូលឃុំខ្លួនដំបូងមកម្ល៉េះ ។
មន្រ្តីអនុរក្សពន្ធនាគារខេត្ត បានឲ្យដឹងថា ជនកំពុងជាប់ឃុំនិងត្រូវចោទម្នាក់ឈ្មោះ នាម ដាវីន អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម គឺបានស្លាប់ក្រោយពីជននេះត្រូវបានមន្រ្តីអនុរក្សនាំទៅសង្រ្គោះនៅមន្ទីរពេទ្យ មានរយៈពេលជាង១០ថ្ងៃ ដោយសារតែមានជំងឺធ្ងន់ធ្ងរកាន់តែខ្លាំង។
លោកបន្តថា ក្រោយពីការស្លាប់របស់ជនជាប់ឃុំនេះ សមត្ថកិច្ចជំនាញដឹកនាំដោយស្ថាប័ន អយ្យការចុះធ្វើកោសល្យវិច្ច័យពិនិត្យរកមូលហេតុនៃការស្លាប់នៅក្នុងមន្ទីរពេទ្យ និងបានរកឃើញថា ការស្លាប់របស់ជនននេះគឺដោយសារតែជំងឺប្រចាំកាយពិតប្រាកដ ។
ប្រធានពន្ធនាគារខេត្តក្រចេះ លោក ខ្វា សារ៉ន បានឲ្យដឹងថា ជនជាប់ឃុំ និងត្រូវចោទរូបនេះ ទើបតែត្រូវបាននាំមកឃុំខ្លួនបណ្តោះអាសន្ននៅពន្ឋនាគារខេត្តកាលពីដើមខែឧសភា ឆ្នាំ២០១៦ ជាប់ចោទពីបទអំពើរលួច ដែលជននេះបានធ្វើសកម្មភាពលួចការបូប របស់នារីរបទេសនៅក្នុងក្រុងក្រចេះ កាលពីថ្ងៃទី៧ ខែឧសភា កន្លងទៅនេះ។
លោកបញ្ជាក់ថា បន្ទាប់ពីជនត្រូវចោទរូបនេះត្រូវបាននាំខ្លួនមកឃុំនៅពន្ធនាគារបណ្តោះអាសន្នគឺជននេះមានកើតមានជំងឺនិងបានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរក្នុងអំឡុងរយៈពេល ១០ថ្ងៃមុនស្លាប់។ ជាមួយគ្នានេះមន្រ្តីអនុរក្សក៏បាននាំជននេះមកព្យាបាលសង្រ្គោះនៅមន្ទីរពេទ្យចំនួន២ដងតែមិនធូរស្បើយឡើយ។
បើតាមការឲ្យដឹងពីក្រុមគ្រូពេទ្យខេត្ត ដែលបានពិនិត្យសង្រ្គោះជននេះបានឲ្យដឹងដែរថា ជននេះមានជំងឺសួត និងក្រពះ និងខ្វះវីតាម៉ីនធ្ងន់ធ្ងរ ទើបបណ្តាលឲ្យស្លាប់ដោយមិនអាចសង្រ្គោះបាន៕
ដោយ៖ កោះទ្រុង