ឯកឧត្តម អ៊ូច ភា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព”

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” ស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ។ កិច្ចប្រជុំ នេះក៏មានការអញ្ជេីញចូលរួមលោកឧត្តមសេនីយ៍ វរៈសេនីយ៍ មេបញ្ជាការ មេបញ្ជាការរងគ្រប់អង្គភាព មន្ទីរ/អង្គភាពនានាជុំវិញខេត្ត អភិបាលក្រុង-ស្រុក អ្នកពាក់ព័ន្ធ បានចូលរួមនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។

មានមតិចូលរួមឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ក៏បានលេីកឡេីងថា រដ្ឋបាលខេត្តបានខិតខំយកចិត្តទុកដាក់ការពារ ថែរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ជំរុញពន្លឿននូវការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ទាំងសេវាតម្រូវការ និងសេវាសំណូមពរ រួមជាមួយនិងបញ្ហាសុខភាពក៏ដូចជាបញ្ហាគ្រោះមហន្តរាយផ្សេងៗ តាមរយៈការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយ សេចក្តីណែនាំ រួមទាំងបទបញ្ជានានារបស់រាជរដ្ឋាភិបាល ធ្វើឱ្យរក្សាបាននូវសុខសន្តិភាព ទាំងផ្ទៃក្នុង និងមានទំនាក់ទំនងសហប្រតិបត្តិការល្អ ជាមួយប្រទេសជិតខាងជាប់ព្រំដែន ជាពិសេសជាមួយប្រទសថៃ ដែលមានព្រំដែនគោកជាប់គ្នាលាតសន្ធឹងប្រវែង១៥៣គម ជាព្រំដែនមិត្តភាព សន្តិភាព និងការអភិវឌ្ឍ។ ឯកឧត្ដម បន្តថា អ្វីដែលរិតតែមានសារៈសំខាន់ជាងទៀតនោះគឺ ការអនុវត្តគោលនយោបាយ ” ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ” ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះ បានផ្តល់នូវមេរៀនបទពិសោធន៍ និងទទួលបាននូវផែនការណែនាំ កែលម្អជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ន ពោលគឺចាប់ពីខែមករា ឆ្នាំ២០២១មក រាជរដ្ឋាភិបាលបានសម្រេចកែលម្អលក្ខណៈសម្បត្តិនៃគោលនយោបាយ«ភូមិ ឃុំ-សង្កាត់មាន សុវត្ថិភាព» ព្រមទាំងលើកកម្រិតគោលនយោបាយនេះ ជារបស់រាជរដ្ឋាភិបាល ដែលមានគោលបំណងដើម្បីបន្តជំរុញសេវាសាធារណៈ លើកកម្ពស់សណ្តាប់ធ្នាប់ ពង្រឹងសន្តិសុខសុវត្ថិភាពសង្គម ទប់ស្កាត់បទល្មើសនានា ជាពិសេសការជួញដូរមនុស្ស (ស្ត្រី និងកុមារ) និងលើកកម្ពស់អនាម័យ បរិស្ថាន សុខុមាលភាពប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់ដែលបណ្តាលមកពីគ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាតផ្សេងៗនៅគ្រប់កាលៈទេសៈ ព្រមទាំងលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយប្រសិទ្ធភាព។

ក្នុងឱកាសនោះ ឯកឧត្ដម អ៊ូច ភា មានប្រសា សន៍ថា ផ្អែកលើភាពជោគជ័យ និងមេរៀនបទពិសោធន៍ជាងមួយទសវត្សរ៍ក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» កាលពីខែមករា ឆ្នាំ២០២១ជាថ្មី ដោយបានពង្រីក និងលើកកម្រិតនៃការអនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ពីការទទួលខុសត្រូវអនុវត្តកម្រិតក្រសួងមហាផ្ទៃ ទៅជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយត្រូវមានការចូលរួមអនុវត្តពីក្រសួង ស្ថាប័នពាក់ព័ន្ធដទៃទៀត រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធនានា ស្របតាមតួនាទី និងភារកិច្ចរបស់ខ្លួន។

ទន្ទឹម នឹង នោះ ឯកឧត្ដម បានជម្រុញដល់រដ្ឋបាលខេត្ត គ្រប់ស្ថាប័ន កងកម្លាំងមានសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ ត្រូវរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយត្រូវបន្តជំរុញអនុវត្តគោល នយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ឱ្យមានប្រសិទ្ធភាពដោយខិតខំកាត់បន្ថយ និងលុបបំបាត់បទល្មើស ព្រហ្មទណ្ឌគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ បទល្មើសជួញដូរ មនុស្សគ្រប់ទម្រង់ និងចាត់វិធានការលុបបំបាត់ក្មេងទំនើងនៅក្នុងសហគមន៍មូលដ្ឋាន។ បន្តរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានល្អប្រសើរ ជាពិសេសខិតខំកាត់បន្ថយចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ឱ្យបានជាអតិបរមា ដើម្បីសម្រេចបានគោលដៅដែលគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានកំណត់៕វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print