ភ្នំពេញ ៖ គិតចាប់ពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលស្រុកតាវែង ខេត្តរតនគិរី បានផ្តល់សេវាជូនប្រជាពលរដ្ឋ៨១១សេវា ដោយទទួលបានចំណូលសរុប២.៩៥១.០០០ រៀល គិតជាដុល្លារ ជាង៧០០ដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ផ្ដល់មកកាន់ក្រុមព័ត៌មាន នៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ដោយលោក សូ វណ្ណធិន អភិបាលស្រុកតាវែង។
បើតាម លោក សូ វណ្ណធិន សេវាដែលរដ្ឋបាលស្រុកតាវែង ផ្តល់ច្រើនជាងគេ គឺការងារអត្រានុកូលដ្ឋានមានចំនួន៦៣៥សេវា (ពុំយកកម្រៃសេវា) និងនីត្យានុកូលកម្មចំនួន១៥៨សេវា ទទួលបានចំណូល ៧៣៥.០០០រៀល បន្ទាប់មកវិស័យសុរិយោដី ចំនួន១២សេវា ទទួលបានចំណូល ៧០០.០០០រៀល ចំណែកឯវិស័យដែលផ្តល់ឱ្យតិចជាងគេ មាន វិស័យសំណង់ បាន១សេវា ទទួលបានចំណូល ៦០០.០០០រៀល វប្បធម៌ និងវិចិត្រសិល្បៈ បានចំនួន១សេវា ទទួលបានចំណូល ៤០០.០០០រៀល សុខាភិបាល បាន១សេវា ទទួលបានចំណូល២០០.០០០រៀល រ៉ែ និងថាមពល បាន១សេវា ទទួលបានចំណូល២០០.០០០រៀល វិស័យសាធារណការ និងដឹកជញ្ជូន បាន២សេវា ទទួលបានចំណូល ៨០.០០០រៀល។
លោក អភិបាលស្រុកតាវែង បន្តទៀតថា « ភាគច្រើនប្រជាពលរដ្ឋពួកគាត់មកទទួលសេវាអត្រានុកូលដ្ឋាន ហើយពីមួយឆ្នាំទៅមួយឆ្នាំពលរដ្ឋតែងតែមកទទួលសេវានៅរដ្ឋបាលយើងដោយក្ដីសប្បាយរីករាយ ពួកគាត់រីករាយដោយសារតែមន្ត្រីយើងបានពន្លឿនរយៈពេលនៃការផ្តល់សេវាទៅជូនពួកគាត់ ក្នុងករណីដែលពួកគាត់ពិនិត្យឃើញថា ឯកសារទាំងនោះត្រឹមត្រូវ និងគ្រប់គ្រាន់ហើយ ពួកគាត់បំពេញឯកសារឱ្យភ្លាម ចុះហត្ថលេខាភ្លាមប្រគល់ឱ្យភ្លាមៗតែម្ដង»។
លោកបន្តថា«ទន្ទឹមនោះយើងក៏មានឧបសគ្គមួយចំនួនក្នុងការបំពេញការងារផងដែរ ដែលភាគច្រើនប្រជាពលរដ្ឋពេលមកទទួលសេវាគឺដើម្បីកែតម្រូវឈ្មោះ កែតម្រូវគល់បញ្ជី បាត់ឯកសារមួយចំនួន ប៉ុន្តែក្រុមការងារអាចដោះស្រាយជូនពួកគាត់បាន។ ជាមួយគ្នានេះដែរ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសេវាល្អ ពលរដ្ឋសប្បាយចិត្តនោះគឺ យើងត្រូវចាប់ផ្តើមដំបូងថ្នាក់ភូមិត្រូវពិនិត្យមើលសៀវភៅគ្រួសារ សៀវភៅស្នាក់នៅឱ្យបានត្រឹមត្រូវ ហើយសម្រាប់ថ្នាក់ប៉ុស្ដិ៍ និងឃុំ ក៏ត្រូវតែរៀនសូត្រឱ្យបានល្អ និងពិនិត្យមើលឱ្យបានល្អិតល្អន់មុននឹងសរសេរចូលសំបុត្រអត្រានុកូលដ្ឋានជូនពួកគាត់ចៀសវាងត្រូវកែតម្រូវម្ដងទៀត»។
សូមបញ្ជាក់ថា ស្រុកតាវែងបានចាប់ផ្តើមបើកដំណើរការការិយាល័យច្រកចេញចូលតែមួយ ចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ មានមន្រ្តីបម្រើការងារផ្នែកជួរមុខ និងជួរក្រោយសរុបចំនួន៧រូប ក្នុងនោះមន្ត្រីបម្រើការជួរមុខមានចំនួន៣រូប និងជួរក្រោយចំនួន៤រូប។ ការិយាល័យច្រកចេញចូលតែមួយ គឺជាកន្លែងប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលនៅកន្លែងតែមួយ តាមនីតិវិធីសាមញ្ញ ប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព៕
ដោយ ៖ កញ្ញា សេង សុខហ៊ុន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ