ភ្នំពេញ ៖ “ក្រសួង ស្ថាប័នសាមីជាម្ចាស់ រីឯក្រសួងមុខងារសាធារណៈ ជាអ្នកគាំទ្រ និងសម្របសម្រួលបច្ចេកទេស លើការងារវិភាគមុខងារ។” នេះជាប្រសាសន៍របស់ លោកស្រី ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារបច្ចេកទេសលើកកម្ពស់ប្រសិទ្ធភាពការងារ ក្នុងបទបង្ហាញនៃកម្មវិធីសិក្ខាសាលាស្តីពី«ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន» នៅតាមបណ្តាក្រសួង ស្ថាប័ននាពេលកន្លងមកនេះ។
ក្នុងបទបង្ហាញ លោកស្រី បានលើកឡើងថា គ្រប់ក្រសួង ស្ថាប័នត្រូវធ្វើការពិនិត្យឡើងវិញ និងការ វិភាគ មុខងារ និងរចនាសម្ព័ន្ធរបស់ខ្លួន ដើម្បីធានាការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័នមានប្រសិទ្ធភាពខ្ពស់។ ក្រសួង ស្ថាប័ន មិនត្រូវបានអនុញ្ញាតឱ្យធ្វើការជ្រើសរើសមន្ត្រីរាជការឡើយ ក្នុងករណីមិនបានអនុវត្តការពិនិត្យឡើងវិញរចនាសម្ព័ន្ធនិងការវិភាគមុខងារ។
បន្ថែមពីនេះ លោកស្រី ក៏បានបញ្ជាក់ថា ការងារកែទម្រង់រដ្ឋបាលសាធារណៈ មិនមែនជាការងាររបស់ក្រសួងមុខងារសាធារណៈតែម្នាក់ឯងនោះទេ ពោលគឺជាការងាររបស់ក្រសួង ស្ថាប័នទាំងអស់ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។ ទន្ទឹមនោះ ក្រៅពីការធ្វើវិភាគមុខងារខ្លួនឯង ក្រសួងមុខងារសាធារណៈ គឺជាដៃគូសហការ សម្របសម្រួល និងគាំទ្រដល់ក្រសួងស្ថាប័ន នីមួយ ក្នុងនាមជាលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.)។ “ការងារកែទម្រង់ មិនមែនជាការងារដែលដាក់សម្ពាធ ឬដាក់វិធានការតឹងតែងចំពោះក្រសួង ស្ថាប័នទេ ផ្ទុយទៅវិញ គែជាការផ្តល់នូវកិច្ចគាំទ្រ និងជំនួយបច្ចេកទេសចាំបាច់ដើម្បីឱ្យស្ថាប័នរឹងមាំ។” លោកស្រីរដ្ឋលេខាធិការបានបន្ថែម។
សូមជម្រាបថា ៖ គិតមកត្រឹមពេលនេះ ក្រសួងមុខងារសាធារណៈ បានរៀបចំសិក្ខាសាលា/កិច្ចប្រជុំ ផ្សព្វផ្សាយ ស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ ក្រសួង ស្ថាប័ន» ចំនួន១៧ ក្រសួង ស្ថាប័នរួចមកហើយ៕
ដោយ ៖ សិលា