ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ កម្ពុជា ជាប្រទេសដែលគោរព និងផ្ដល់តម្លៃដល់ការគោរពបដិបត្តិជំនឿសាសនាផ្សេងៗ ហើយរាជរដ្ឋាភិបាល នីតិកាលមុនៗ ក៏ដូច នីតិកាលទី៧ នៃរដ្ឋសភា តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការធានាការរួមរស់ជាមួយគ្នាក្នុងចំណោមសាសនាផ្សេងៗ នៅក្នុងសង្គមកម្ពុជា ប្រកបដោយសុខដុមរមនា។ ការថ្លែងនេះធ្វើឡើងក្នុងជំនួបរវាង សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក មហាំម៉ាត់ សាអ៉ីត អាល់ម៉ាជឌូអ៉ី អគ្គលេខាធិការរង នៃអង្គការសម្ព័ន្ធពិភពឥស្លាម នាថ្ងៃទី២៧កុម្ភៈ ឆ្នាំនេះ។
ក្នុងឱកាសនៃជំនួប លោកអគ្គលេខាធិការង បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ជាថ្មីម្ដងទៀត និងបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ របស់កម្ពុជា ជាពិសេសការរីកចម្រើនខាងវិស័យសេដ្ឋកិច្ច និងវិស័យអប់រំ ដែលការណ៍នេះបានធ្វើឱ្យបណ្ដាប្រទេសលើពិភពលោក កាន់តែចាប់ផ្ដោតការយកចិត្តទុកដាក់ខ្ពស់ថែមទៀតមកលើកម្ពុជា។ បន្ថែមលើនេះ, លោកក៏បានលើកឡើងថា កម្ពុជា ជាប្រទេសគំរូមួយនៅលើពិភពលោក ដែលធានាបាននូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនា។
ជាការឆ្លើយតប, សម្ដេច ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះលោក អគ្គលេខាធិការរង និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការរៀបចំកិច្ចប្រជុំកំពូលនេះ ជាលើកដំបូងនៅកម្ពុជា។
សម្ដេចបានគូសបញ្ជាក់ថា កម្ពុជា ជាប្រទេសដែលគោរព និងផ្ដល់តម្លៃដល់ការគោរពបដិបត្តិជំនឿសាសនាផ្សេងៗ ហើយរាជរដ្ឋាភិបាល នីតិកាលមុនៗ ក៏ដូច នីតិកាលទី៧ នៃរដ្ឋសភា តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការធានាការរួមរស់ជាមួយគ្នាក្នុងចំណោមសាសនាផ្សេងៗ នៅក្នុងសង្គមកម្ពុជា ប្រកបដោយសុខដុមរមនា។
សម្ដេចបានសង្កត់ធ្ងន់ពីសារៈសំខាន់ និងតួនាទីរបស់សាសនាក្នុងការចូលរួមចំណែកដល់ការអប់រំប្រជាពលរដ្ឋ ដើម្បីធ្វើឱ្យសង្គមជាតិមួយ គ្មានជម្លោះ និងមានសុខសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍ។
ជាមួយគ្នានេះ, នៅក្នុងយុគសម័យឌីជីថល សាសនាកាន់តែមានតួនាទីសំខាន់ថែមទៀតក្នុងការលើកកម្ពស់ការអប់រំប្រជាពលរដ្ឋ ជាពិសេស នៅកម្ពុជា សាសនាពិតជាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមជាតិ ដោយបានចូលរួមចំណែកយ៉ាងច្រើនដល់ការលើកកម្ពស់ការអប់រំតម្លៃមនុស្ស សីលធម៌ និងគុណធម៌ និងការកសាងខ្លួនជាពលរដ្ឋល្អសម្រាប់ប្រទេសជាតិ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានមកជួបបងប្អូនសាសនិកឥស្លាមសារជាថ្មី ក្នុងពិធីបើកកិច្ចប្រជុំកំពូល ឥស្លាម ក្រោមប្រធានបទ«ឥស្លាម និង ពុទ្ធសាសនា» រៀបចំដោយអង្គការសម្ព័ន្ធពិភពឥស្លាម (Muslim World League “RABITAH”)
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានរម្លឹកថា កាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ នៅក្នុងពិធីបើកសន្និបាតលើកទី២០ របស់អង្គការ- ក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិក (RISEAP) សម្តេចបានសន្យាថា នឹងមកចូលរួមក្នុងកិច្ចប្រជុំកំពូលឥស្លាមនេះ។
ការមានប្រសាសន៍បែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ «ឥស្លាម និង ពុទ្ធសាសនា» រៀបចំដោយអង្គការសម្ព័ន្ធពិភពឥស្លាម។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមសម្តែងការកោតសរសើរចំពោះអង្គការសម្ព័ន្ធពិភពឥស្លាម ដែលបានជួយផ្ចុងផ្តើមរៀបចំកិច្ចប្រជុំកំពូលនេះ ដែលជាលើកទី១ នៅក្នុងប្រវត្តិសាស្ត្រ ដែលកម្មវិធីដ៏មានសារៈសំខាន់ និងមានអត្ថន័យជាសកលក្នុងបរិការណ៍នៃសាសនាឥស្លាម ត្រូវបានប្រារព្ធឡើងនៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា»៕
ដោយ ៖ សិលា