ភ្នំពេញ ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជម្រាបសម្ដេចធិបតីថា អង្គសន្និបាតក្រសួងបានគោរពស្នើសុំការផ្តល់ការអនុញ្ញាតជាគោលការណ៍លើកលែងពិន័យអន្តរការណ៍ជាប្រាក់ចំពោះការហួសសុពលភាពអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទ ដោយអនុវត្តរយៈពេល ៣ខែ ក្នុងរដូវកាលបៃតង (ពីខែឧសភា ដល់ខែកក្កដា ឆ្នាំ២០២៥)។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា អង្គសន្និបាតក្រសួងទេសចរណ៍បានស្នើសុំរាជរដ្ឋាភិបាលដាក់ចេញនូវយុទ្ធនាការសម្រាប់ពង្រឹងស្ថានភាពទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season) ខាងមុខ ដោយគោរពស្នើសុំរៀបចំកម្មវិធីលើកទឹកចិត្តសម្រាប់ជំរុញកញ្ចប់ទស្សនកិច្ចទេសចរណ៍ក្នុងស្រុក កញ្ចប់ទស្សនកិច្ចសម្រាប់សិស្ស-និស្សិត, កម្មករ-កម្មការិនី, បុគ្គលិកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងយុទ្ធនាការបញ្ចុះថ្លៃសេវាកម្មទេសចរណ៍។ សំណើនេះត្រូវបានលើកឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៧កុម្ភៈ ឆ្នាំ២០២៥។
លោក ហួត ហាក់ បានលើកឡើងថា ដើម្បីឆ្លើយតបទៅនឹងរដូវកាលបៃតងខាងមុខដែលមានរយៈពេល៣ខែ គឺចាប់ពីខែឧសភា ដល់ខែកក្កដា ឆ្នាំ២០២៥ ភ្នាក់ងារទេសចរណ៍ពាក់ព័ន្ធទាំងអស់រួមមានសណ្ឋាគារ អាហារដ្ឋាន នឹងបញ្ចុះតម្លៃពី៣០% ទៅ៥០% សម្រាប់កញ្ចប់ទេសចរណ៍ក្នុងស្រុក,កញ្ចប់ទស្សនកិច្ចសម្រាប់សិស្ស-និស្សិត, កម្មករ-កម្មការិនី, បុគ្គលិកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី សម្ដែងការកោតសរសើរចំពោះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ដែលបានដឹកនាំក្រសួងទេសចរណ៍រយៈពេល៥ខែកន្លងមកនេះឱ្យសម្រេចបានសមិទ្ធផលជាច្រើនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងមានសម្ទុះសក្ដានុពលទៅមុខបន្ថែមទៀត។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អំពាវនាវឱ្យរួមគ្នាថែរក្សាសន្ដិភាពរបស់កម្ពុជា ដែលសម្ដេចតេជោ ដឹកនាំស្វែងរកបានដោយលំបាកទម្រាំមានថ្ងៃនេះ ខណៈបើគ្នានសន្ដិភាព កម្ពុជាក៏មានអាចមានភ្ញៀវទេសចរមកទស្សនាដែរ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី សម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលជាច្រើនដែលក្រសួងទេសចរណ៍សម្រេចបានក្នុងរយៈពេលជាង១ឆ្នាំកន្លងមកនេះ លើវិស័យទេសចរណ៍កម្ពុជា ៕
ដោយ ៖ សិលា