ខេត្តបន្ទាយមានជ័យ៖ គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សូមជម្រាបជូនដល់សាធារណជនពីវឌ្ឍនភាព នៃការស៊ើបអង្កេតលើជនបរទេសដែលត្រូវបានឃាត់ខ្លួន ចំនួន២៣០នាក់ កាលពីថ្ងៃទី២២ និង២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងកិច្ចប្រតិបត្តិការឆ្មក់ចូលទីតាំងចំនួន ០២កន្លែង នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយបញ្ចប់នីតិវិធីកំណត់អត្តសញ្ញាណជនបរទេស ដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងចំណោមមុខសញ្ញាជនបរទេសចំនួន១២៣នាក់ ដែលបានអះអាង ខ្លួនជាពលរដ្ឋថៃ មានតែ១១៩នាក់ប៉ុណ្ណោះ ដែលជាជនជាតិថៃពិតប្រាកដ ដោយឡែកចំពោះជនបរទេស ០៤នាក់ផ្សេងទៀត មាន០២នាក់ជាជនជាតិឡាវ និង០២នាក់ ជាជនជាតិមីយ៉ាន់ម៉ា។
ផ្អែកតាមការស្រាវជ្រាវស៊ើបអង្កេតរបស់សមត្ថកិច្ចជំនាញ ជនបរទេសទាំងអស់ដែលត្រូវបានឃាត់ ខ្លួនបានធ្វើដំណើរចូលមកព្រះរាជាណាចក្រកម្ពុជាមានទាំងស្របច្បាប់ និងខុសច្បាប់ ក្នុងគោលបំណង ស្វែងរកការងារដែលមានចំណូលខ្ពស់។ ពួកគេបំពេញការងារដោយការស្ម័គ្រចិត្ត ហើយក៏មិនដែលស្នើសុំ ដល់សមត្ថកិច្ចណាមួយ រួមទាំងរដ្ឋាភិបាលរបស់ពួកគេ ឱ្យជួយអន្តរាគមន៍ដើម្បីបានឈប់ពីការងារ ឬបាន ត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ ដូចអ្វីដែលអាជ្ញាធរកម្ពុជាធ្លាប់ទទួលបាននាពេលកន្លងមក។
ដោយសកម្មភាពរបស់ជនបរទេសទាំងនោះ មានជាប់ពាក់ព័ន្ធនឹងសកម្មភាពអនឡាញខុសច្បាប់ ដោយប្រើប្រាស់ទឹកដីកម្ពុជាលួចលាក់ធ្វើសកម្មភាព ចូលទៅប្រទេសដទៃផ្សេងទៀត និងដោយមិនទាន់ មានបណ្តឹងជាក់លាក់របស់ជនរងគ្រោះណាមួយ សមត្ថកិច្ចកម្ពុជានឹងសហការជាមួយសមត្ថកិច្ចបរទេស ដែលជាប្រទេសកំណើតរបស់មុខសញ្ញាទាំងនោះ ដើម្បីរៀបចំនីតិវិធីនិងបែបបទបណ្តេញចេញ។
ចំពោះជនជាតិថៃចំនួន ១១៩នាក់ (ស្រី៥៨នាក់) កម្ពុជានឹងប្រគល់ឱ្យភាគីថៃនៅពេលឆាប់ៗនេះ ដើម្បីយកទៅបន្តការស៊ើបអង្កេតតាមច្បាប់ នៃព្រះរាជាណាចក្រថៃ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ដោយ៖តារា