ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា ៖ សម្តេចម៉ែ បាន ចូលរួម ចំណែក យ៉ាង ថ្លៃថ្លា បំផុតក្នុង ការ លើកកម្ពស់ ការងារ មនុស្សធម៌ និង លើកតម្កើង តួនាទី ស្ត្រី ក្នុង សង្គម កម្ពុជា។ នេះបើយោងតាមសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះរាជឱកាសប្រារព្ធខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា ៖ ឆ្លៀតក្នុងឱកាសដ៏មហាសិរីមង្គលាភិរម្យប្រសើរថ្លៃថ្លាបំផុតនេះផងដែរ ទូលព្រះបង្គំជាខ្ញុំសូមព្រះបរមរាជានុញ្ញាត ទូលថ្វាយនូវកតញ្ញូតាធម៌និងកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុតថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គទ្រង់បានចូលរួមចំណែកយ៉ាងថ្លៃថ្លាបំផុត ក្នុងការលើកកម្ពស់ការងារមនុស្សធម៌ លើកតម្កើងតួនាទីស្ត្រី ក្នុងសង្គមកម្ពុជា ជាពិសេស ចំពោះព្រះរាជមហាករុណាទិគុណរបស់ព្រះអង្គ ដែលទ្រង់តែងមានទឹកព្រះទ័យជ្រះថ្លា បរិសុទ្ធ សព្វព្រះរាជហឫទ័យប្រោសប្រទានព្រះរាជទ្រព្យយ៉ាងច្រើនជាបន្តបន្ទាប់ ជួយក្នុងវិស័យព្រះពុទ្ធសាសនា អប់រំសិក្សាធិការ សុខាភិបាល សង្គមកិច្ច វប្បធម៌ សិល្បៈ សុខុមាលភាពសង្គម និងជីវភាពរស់នៅរបស់ប្រជារាស្ត្រ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបន្តថា ៖ នៅក្នុងព្រះរាជឱកាសដ៏មហានក្ខត្តឫក្សប្រពៃថ្លៃថ្លាបំផុតប្រកបដោយសេចក្តីសោមនស្សរីករាយឥតឧបមា ដែលនារីនៅទូទាំងសកលលោកក៏ដូចជានារីនៅព្រះរាជាណាចក្រកម្ពុជា ប្រារព្ធខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប» តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីរាជការទូទាំងប្រទេស ព្រមទាំងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ទូលព្រះបង្គំជាខ្ញុំនិងភរិយា សូមព្រះបរមរាជានុញ្ញាតសម្តែងនូវអំណរសាទរយ៉ាងក្រៃលែង និង សូមក្រាបបង្គំទូលថ្វាយនូវព្រះសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការ ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់ព្រះប្រកប ដោយព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះកាយពលរឹងមាំខ្លាំងក្លា ព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំ សម្បូរសប្បាយ ថ្កុំថ្កើង រុងរឿងដល់ប្រជានុរាស្ត្ររបស់ព្រះអង្គ ជាអង្វែងតរៀងទៅ។
ជាថ្មីម្តងទៀត ទូលព្រះបង្គំជាខ្ញុំសូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោក គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ទេវតាថែរក្សាឆ្នាំរោង ឆស័ក ព្រះនាម មហោទរាទេវី ទេវតា ថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសបុណ្យបារមី ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមតាមជួយបីបាច់ថែរក្សា ការពារ អភិបាល និងប្រោះព្រំ នូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរដ៏ឧត្តុង្គឧត្តមថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួលនូវ ព្រះរាជភក្ដីភាពនិងអភិវន្ទនាការដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំជាខ្ញុំ ៕
ដោយ ៖ សិលា