ភ្នំពេញ÷ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី ៧ ខែមីនានេះ បានបញ្ជាក់ក្នុងផេកផ្លូវការថា៖ ក្នុងខែមេសាខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្ដីសុខដ៏ប្រវត្តិសាស្រ្ត នៅមុខប្រាសាទអង្គវត្ត ខេត្តសៀមរាប ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះមហាក្សត្រ។
ព្រះរាជពិធីនេះ គឺជាព្រឹត្តិការណ៍ដ៏ពិសេសដែលបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសចូលរួមបួងសួង និងអធិដ្ឋាន ដើម្បីសុំសេចក្ដីសុខសុភមង្គល សន្តិភាព និងការពារពីបារមីវត្ថុសក្តិសិទ្ធិ និងទេវតាថែរក្សាទឹកដីកម្ពុជា។
សូមបងប្អូនជនរួមជាតិទូទាំងព្រះនគរតាំងចិត្តជ្រះថ្លាចូលរួមបួងសួង អធិដ្ឋានដល់បារមីវត្ថុសក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដីព្រះរាជាណចក្រកម្ពុជាដ៏មានឫទ្ធីចេស្តារគ្រប់ព្រះអង្គយាងប្រោះព្រុំថែរក្សាព្រះរាជាណចក្រកម្ពុជា និងព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រមទាំងប្រជានុរាស្រ្តគ្រប់ខេត្តខណ្ឌបូរី នូវសព្ទសាធុការពរជ័យ សិរីបវរមហាប្រសើរគ្រប់ប្រការ៕