ភ្នំពេញ÷ នៅអំឡុងនៃពាក់កណ្តាលរដូវបង្កាត់ពូជរបស់សត្វស្លាប ក្រុមការងារស្រាវជ្រាវ និងតាមដានជីវៈចម្រុះរបស់យើងបានធ្វើការតាមដាន និងត្រួតពិនិត្យសំបុក និងចំនួនសត្វស្លាបថ្មីៗ។ ជាលទ្ធផល ក្រុមការងាររបស់យើងបានកត់ត្រាបាននូវចំនួនសំបុកសត្វរំពេទន្លេចំនួន ២១ និងសំបុកសត្វត្រយងចង្កំក-សចំនួន៦ រួមទាំងកូនសត្វរំពេទន្លេចំនួន៩ ផងដែរ ចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈ ដល់ថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៥។ ក្រុមការងារក៏បានប្រទះឃើញកូនសត្វត្រយងចង្កំក-ស ចំនួន ៨ក្បាលបានហើរបានចាកចេញពីសំបុកផងដែរ។
សរុបជារួម ក្រុមការងាររបស់យើងក៏បានកត់ត្រាចំនួនសត្វរំពេទន្លេប្រមាណ៦២ ក្បាល នៅទីកន្លែងជាង ៣០ ផ្សេងៗគ្នា នៅខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ចន្លោះពីថ្ងៃទី ២៧ និង ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥។ ទោះបីជាចំនួនដែលបានកត់ត្រានាពេលនេះទាបជាងចំនួនដែលទទួលបានកាលពីលើកមុនក៏ដោយ ក៏ក្រុមការងាររបស់យើងនៅតែមានសុទិដ្ឋិនិយមចំពោះលទ្ធផលជាវិជ្ជមានចំពោះការរាប់ចំនួនសត្វទាំងនេះនាពេលអនាគត។ សូមបញ្ជាក់ថា កិច្ចការទាំងនេះ គឺជាផ្នែកសំខាន់មួយនៃកិច្ចសហការរវាងអង្គការ WWF-កម្ពុជា អាជ្ញាធរមូលដ្ឋាន មន្ត្រីឧទ្យានុរក្ស និងសហគមន៍មូលដ្ឋាន។ យើងខ្ញុំក៏សូមចូលរួមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍របស់យើងទាំង ៤៨ នាក់មកពីភូមិចំនួន ១០ ក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ដែលបានរួមចំណែកដល់ភាពជោគជ័យចំពោះកិច្ចការនាពេលនេះ៕