ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ៖ កម្ពុជា មានសុខដុមរមនាសាសនា និងរក្សាបាននូវតម្លៃនៃសាមគ្គីភាព រវាងជាតិសាសន៍ និងសាសនាផ្សេងៗគ្នា ដោយមិនមានការប្រកាន់យកនូវនិន្នាការជ្រុលនិយមនោះទេ ពោលគឺគ្រប់សាសនាទាំង អស់អាចរស់នៅជាមួយគ្នាបាននៅក្រោមម្លប់សន្តិភាពនិងការអភិវឌ្ឍ។
ក្នុងព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារីថ្វាយ និងប្រគេន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង និងសម្តេចព្រះសង្ឃ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៖ នៅព្រះរាជាណាចក្រកម្ពុជា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ហើយសេរីភាពខាងជំនឿ និងការប្រតិបត្តិសាសនាដទៃទៀត ក៏ត្រូវបានធានានៅក្នុងលក្ខខណ្ឌដែលមិនប៉ះពាល់ទៅដល់ជំនឿ ឬសាសនាដទៃទៀតឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ព្រះពុទ្ធសាសនាជាមរតកដូនតាខ្មែរ ហើយការបង្រៀនរបស់ព្រះពុទ្ធ ជាប្រភពនៃសេចក្តីស្រឡាញ់ បញ្ញាញាណ សន្តិភាពផ្លូវចិត្ត និងបានជ្រួតជ្រាបក្នុងស្មារតី ផ្នត់គំនិត ឥរិយាបថ សកម្មភាពរបស់ ប្រជាជនខ្មែរ ដែលបង្ហាញឱ្យឃើញច្បាស់តាមរយៈចរិតរួសរាយរាក់ទាក់ ស្មោះត្រង់ សុភាពរាបសាទន់ភ្លន់ និងម៉ឺងម៉ាត់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅកម្ពុជា, «ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ» ហើយសេរីភាពខាងជំនឿ និងការប្រណ៍ប័តន៍សាសនាដទៃទៀត ត្រូវបានធានាក្នុងលក្ខខណ្ឌ ដែលមិនប៉ះពាល់ដល់ជំនឿ ឬ សាសនាដទៃទៀត។ ជាក់ស្ដែង, កម្ពុជាមានសុខដុមរមនា សាសនា និងរក្សាបាននូវគុណតម្លៃនៃសាមគ្គីភាពរវាងជាតិសាសន៍ និងសាសនាផ្សេងៗគ្នាដោយមិនមានការប្រកាន់យកនូវនិន្នាការជ្រុលនិយមនោះទេ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោមម្លប់នៃសុខសន្តិភាព, កម្ពុជាមានកាលានុវត្តភាព សមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ដើម្បីបង្កើនល្បឿន នៃការអភិវឌ្ឍលើគ្រប់វិស័យ។ កត្តាសុខសន្តិភាពនេះ ក៏បាន ផ្តល់លទ្ធភាពឱ្យពុទ្ធបរិស័ទយើងធ្វើបុណ្យសុន្ទរ៍ទាន តាមសេចក្តីប្រាថ្នា និងបើកឱកាសឱ្យយើងបង្កើតនូវសមិទ្ធផលថ្មីៗបន្ថែមទៀត ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមទទូចឲ្យសម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ព្រះមេត្តាបន្តជួយដល់សង្គមលើការលើកកម្ពស់ គុណធម៌ សីលធម៌ សុជីវធម៌ ថែរក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អ របស់ជាតិ តាមរយៈ ការសម្តែងធម្មទេសនា នៅគ្រប់ទីកន្លែង និងការផ្សព្វផ្សាយតាមបណ្តាញសង្គមផ្សេងៗ ដើម្បីជួយធ្វើឱ្យប្រជាជនមាននូវបញ្ញាស្មារតី ប្រកបដោយ ព្រហ្មវិហារធម៌ កាត់បន្ថយអំពើអនាចារ អបាយមុខ អំពើហិង្សា អសីលធម៌ និងជួយឱ្យ សង្គមជាតិ មានសុខដុមរមនា និងពង្រឹងសាមគ្គីធម៌ ៕
ដោយ ៖ សិលា