ភ្នំពេញ ៖ អ្នកវិភាគ និងសង្គមស៊ីវិលវាយតម្លៃខ្ពស់ថា ទំនាក់ទំនងព្រះមហាក្សត្រកម្ពុជា និងថ្នាក់ដឹកនាំកំពូលរបស់ចិនគឺជាគំរូនៃកិច្ចកសាងសហគមន៍វាសនារួម សម្រាប់មនុស្សជាតិ។ ការលើកឡើងនេះ ស្របពេលដែល សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចម៉ែ បាននឹងកំពុងមានព្រះវត្តមាន នៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព ដោយព្រះអង្គទាំងទ្វេបានយាងចាកចេញពីមាតុប្រទេស កាលពីដើមខែមីនា ឆ្នាំ២០២៥។
ជុំវិញព្រះរាជដំណើរជាទៀងទាត់របស់ព្រះអង្គ នៅប្រទេសចិន លោកបណ្ឌិត កៅ មុយថង អ្នកវិភាគបានប្រាប់ថា ទំនាក់ទំនងព្រះមហាក្សត្រកម្ពុជា និងថ្នាក់ដឹកនាំកំពូលរបស់ប្រទេសចិនក្លាយជាគំរូមួយក្នុងកិច្ចកសាងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យក្លាយជាពុម្ពគម្រូដ៏មានតម្លៃ ក្នុងកិច្ចកសាងសហគមន៍វាសនារួម សម្រាប់ប្រទេសជិតខាង និងមនុស្សជាតិ។
«ប្រជាជនកម្ពុជាយើង ពិតជាសូមថ្លែងអំណរគុណយ៉ាងធំធេងបំផុត ដល់សាធារណរដ្ឋប្រជាមានិតចិន ដែលតែងបានថ្វាយនូវការថែរក្សា ការពិនិត្យព្យាបាលព្រះរាជសុខភាព ព្រះរាជវង្សានុវង្សខ្មែរ»
មិនខុសពីបណ្ឌិត កៅ មុយថង លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមស្រាវជ្រាវវឌ្ឍនភាពកម្ពុជាបានប្រាប់ផងដែរថា «ការយាងជាទៀងទាត់ របស់ព្រះមហាក្សត្រ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់របស់កម្ពុជា ទៅកាន់ប្រទេសចិន គឺជាមូលដ្ឋានដ៏ប្រពៃយ៉ាងខ្លាំងក្លា នៃមិត្តភាពដែកថែបកម្ពុជា-ចិន និងជាសសរស្តម្ភដ៏រឹងមាំ នៃកិច្ចកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី»៕
ប្រភព ៖ «CCFR China state-controlled media »