ភ្នំពេញ÷នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២៥ ក្រសួងមុខងារសាធារណៈ បានប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ខួបលើកទី១១៤ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប” ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ លោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានកិត្តិយសគណៈកម្មការសាខា សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងមុខងារសាធារណៈ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការនៃក្រសួងមុខងារសាធារណៈសរុបចំនួន ២៥០រូប។
នាឱកាសនៃពិធីអបអរសាទរទិវានារីអន្តរជាតិ លោកស្រី សៅ សុគន្ធារី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រនៃក្រសួងមុខងារសាធារណៈ បានធ្វើរបាយការណ៍ និងបង្ហាញលទ្ធផលសង្ខេបសំខាន់ៗរបស់ក្រុមការងារយេនឌ័រនៃក្រសួងមុខងារសាធារណៈ ក្នុងការលើក កម្ពស់សមភាពយេនឌ័រនៅក្នុងវិស័យមុខងារសាធារណៈទាំងមូល។ ទន្ទឹមនេះ លោកស្រីបានប្ដេជ្ញាចិត្តបន្តអភិវឌ្ឍន៍ការងារ និងសមត្ថភាពស្រ្តីឱ្យកាន់តែមានការរីកចម្រើនលូតលាស់ទៅមុខទៀត ស្របតាមពាក្យស្លោក “ស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ”។
ក្រោយបានស្តាប់របាយការណ៍របស់លោកស្រីរដ្ឋលេខាធិការ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានថ្លែងអំណរគុណ កោត សរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការ ងារ និងមន្រ្តីរាជការជាស្រ្តី ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងមោះមុតក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍វិស័យមុខងារសាធារណៈ។ លោកឧបនាយករដ្ឋមន្រ្តីបានបន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្រ្តី និងក្មេងស្រីក្នុងគ្រប់វិស័យអាទិភាព នៅក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ “ស្រ្តីគឺជាស្នូល”។
សូមជម្រាបដែរថា ក្រសួងមុខងារសាធារណៈ តែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំ និងគ្រប់គ្រងអាជីពមន្ត្រីរាជការស៊ីវិលទាំងនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយតែងតែផ្តល់អាទិភាព និងលើកទឹក ចិត្តដល់មន្រ្តីរាជការស៊ីវិលជាស្រ្តី ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សមភាពយេនឌ័រ។ ពិធីនេះបានបញ្ចប់ទៅដោយរលូនក្រោមស្នាមញញឹម និងភាពសប្បាយរីករាយ ជាពិសេស ថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាស្រ្តីទាំងអស់នៃក្រសួងមុខងារសាធារណៈទទួលបានបាច់ផ្កា និងកាដូរអនុស្សាវរីយ៍ ជាការលើកទឹកចិត្តផងដែរ៕