ប្រទេសកូរ៉េៈ នៅថ្ងៃអាទិត្យទី២១ ខែសីហា ឆ្នាំ២០១៦ នេះ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីជួបសំណេះសំណាល និងចែកវិញ្ញាបនប័ត្របណ្តុះបណ្តាលបច្ចេកទេសអគ្គិសនីជូនដល់សិក្ខាកាមចំនួន ២០រូប ក្រោមកិច្ចសហការរៀបចំ និងបណ្ដុះបណ្ដាល របស់វិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈ DAESUNG (DAESUNG VOCATIONAL TRAINING INSTITUTE) និងអង្គភាពអភិវឌ្ឈធនធានមនុស្សកូរ៉េ (Human Resource Development-Korea) នៅស្នាក់ការសមាគម ក្នុងតំបន់ Gwangju នៃខេត្តJeollabuk-do ។
ឆ្លៀតក្នុងឱកាសនេះ លោកក៏បាននាំយកថវិការឧបត្ថមរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ចំនួន ៥.០០០ ដុល្លាអាមេរិក ជូនដល់សមាគមកម្ពុជាឆុនណាំក្វាងជូ ដើម្បីចាត់ចែងរៀបចំបន្ដសកម្មភាពជួយដល់ពលករខ្មែរបន្ថែមទៀត។
ស្ថានឯកអគ្គរាជទូតសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការ និងសកម្មភាពរបស់សមាគមនៅក្នងការចូលរួមដោះស្រាយបញ្ហាពលករ និងថ្លែងអំណរគុណចំពោះការស្វះស្វែងរកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅ ធ្វើការ និងសិក្សា នៅសាធារណរដ្ឋកូរ៉េ។
ស្ថានឯកអគ្គរាជទូតសូមអំពាវនាវដល់ពលករខ្មែរទាំងអស់មេត្តាឆ្លៀតឱកាសក្រេបជញ្ជក់យកចំណេះ និងជំនាញផ្សេងៗដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនអោយកាន់តែប្រសើរដើម្បីជាទុនជីវិតទៅថ្ងៃអនាគត៕
ដោយ សុខ ខេមរា