ខេត្តស្ទឹងត្រែង ៖ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ រដ្ឋបាលខេត្ត ស្ទឹងត្រែងនឹងរៀបចំព្រឹត្តិការណ៍ “ស្ទឹងត្រែងសង្ក្រាន្ត ឆ្នាំ២០២៥” ដើម្បីចូលរួមអបអរសាទរមហាសង្ក្រាន្តឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ ដែលនឹង ប្រព្រឹត្តទៅនៅបរិវេណទីធ្លាខាងមុខសាលាខេត្ត។
ព្រឹត្តិការណ៍ “ស្ទឹងត្រែងសង្ក្រាន្ត ឆ្នាំ២០២៥” ពិតជាមានអត្ថន័យដ៏ធំធេងក្នុងការបំផុសប្រជាជនទូទៅ ជាពិសេសកុលបុត្រ កុលធីតាជំនាន់ក្រោយឱ្យស្វែងយល់ ស្រឡាញ់ និងផ្សព្វផ្សាយ វប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏មានតម្លៃរបស់ខ្មែរ ក្នុងគោលដៅអភិរក្សអត្តសញ្ញាណជាតិ និងបង្កើតមោទនភាពជាតិ។ ម្យ៉ាងវិញទៀត ការរៀបចំព្រឹត្តិការណ៍ ស្ទឹងត្រែងសង្រ្កាន្ត ឆ្នាំ២០២៥” នឹងផ្តល់នូវបរិយាកាសសប្បាយ រីករាយដល់ប្រជាពលរដ្ឋដែលកំពុងរស់ក្នុងម្លប់សន្តិភាព និងការអភិវឌ្ឍន៍ ក្រោមការដឹកនាំប្រកបដោយភាព ប៉ិនប្រសប់ និងឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះព្រឹត្តិការណ៍ “ស្ទឹងត្រែងសង្ក្រាន្ត ឆ្នាំ២០២៥” នឹងនាំមកនូវសកម្មភាពកម្សាន្តប្លែកៗបែបប្រជាប្រិយ ប្រពៃណី ទំនើបចំរុះ ដែលញ៉ាំងឱ្យ ព្រឹត្តិការណ៍នេះកាន់តែមានភាពអធិកអធមមួយកម្រិតថែមទៀត។
ព្រឹត្តិការណ៍ “ស្ទឹងត្រែងសង្ក្រាន្ត ឆ្នាំ២០២៥” ក៏ជាឱកាសមួយសម្រាប់ការជួបជុំមហាជន យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ បានស្វែងយល់អំពីជំនឿសាសនា បានឃើញ និងសិក្សាបន្ថែមអំពី ភាពរុងរឿងល្បីល្បាញ សំបូរបែប នៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណីខ្មែរ និងបន្តថែរក្សាកេរ្តិ៍មរតក ទាំងនេះឱ្យបានគង់វង្ស បំផុសគំនិត រួបរួមកម្លាំងមហាសាមគ្គី និងបណ្តុះស្មារតី “អភិរក្ស ដើម្បីអភិវឌ្ឍន៍ “អភិវឌ្ឍន៍ ដើម្បីអភិរក្សវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិខ្មែរក្នុងសម័យសាកលភាវូបនីយកម្មទំនើប ជំនាន់ថ្មីនេះ។
អាស្រ័យដូចបានជូនដំណឹងខាងលើ សូម មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន អញ្ជើញចូលរួមកម្សាន្តប្រកបដោយសេចក្តីសប្បាយរាយ និងសុវត្ថិភាព ៕
ដោយ ៖ សិលា