ខេត្តសៀមរាប៖ ជុំវិញករណីមហាជនរិះគន់ស្ត្រីម្នាក់ដែលស្លៀកពាក់មិនសមរម្យថតបង្ហាញរាងនៅប្រាសាទអង្គរវត្ត លោក ឡុង កុសល អ្នកនាំពាក្យ របស់អាជ្ញាធរជាតិអប្សរា នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០២៥នេះបានបញ្ជាក់យ៉ាងខ្លីថា៖ «អាជ្ញាធរកំពុងចាត់វិធានការចំពោះរឿងនេះហើយ!»។
ជាក់ស្ដែង តាមរយៈវីដេអូខ្លីដែលមានរយៈពេលប្រមាណ១២វិនាទី ដែលភ្ជាប់ជាមួយខ្លឹមសារថា “My body is temple គោលបំណងចង់ផ្សព្វផ្សាយអង្គរវត្ត 🇰🇭♥️ ខោអាវហាត់ប្រាណ sportFit Daisy Cambodge” ដែលបង្ហោះតាមរយៈទំព័រផេក Facebook មានឈ្មោះ Nina Daily នៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០២៥ បានបង្ហាញថា សម្លៀកបំពាក់របស់ស្ត្រីខាងលើជាខោអាវហាត់ប្រាណ។ ប៉ុន្តែមហាជនយល់ឃើញថា ការប្រើសម្លៀកបំពាក់បែបនេះមិនសមរម្យទាល់តែសោះនៅក្នុងតំបន់ប្រាសាទបុរាណដែលជាទីសក្ការៈបែបនេះ ពីព្រោះការស្លៀកពាក់នេះ គឺវារឹបចេញរាងស្ទើរតែគ្មានអ្វីលាក់បាំងទៅហើយ។
ជាមួយគ្នានេះ អ្នកលេង បណ្ដាញ សង្គម ហ្វេសប៊ុក ក៏បានចូលទៅ ខំមិនថា៖ ស្រ្តីម្នាក់នេះ សង្ស័យជាអ្នកលក់ដូរតាមអនឡាញ បានស្លៀកពាក់ខោអាវហាត់ប្រាណដែលមានលក្ខណៈបញ្ចេញរាងហួសហេតុដើរបង្ហាញម៉ូតនៅក្នុងប្រាសាទអង្គរវត្តនោះ បានបង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីមហាជន។
គួរបញ្ជាក់ដែរថា មានប្រតិកម្មយ៉ាងខ្លាំងពីមហាជន គេឃេីញម្ចាស់ គណនី ឈ្មោះ Nina Daily បានចូលទៅ លុបវីដេអូចោលវិញ និងបានបង្ហោះ សារជាថ្មីថា៖ “ការ Post មួយនេះគ្រាន់តែចង់បង្ហាញ នឹងលើកតម្កើងវិសយំកីឡា ហាត់ប្រាណ នឹងកាយសម្បទាប៉ុន្នោះ ។ នាងខ្ញុំបានលុបវីដេអូនឹងតាម សំណូមពរបងប្អូនហើយ អគុណក្នុងការ commenting នឹងគាំទ្រកន្លងមក៕
ដោយ៖តារា