ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០១៦ នេះលោកស្រី ហ៊ុន ម៉ាណា ប្រធានមូលនិធិបាយ័ន នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន បានផ្តល់អាហារពេលព្រឹក គឺនំបញ្ចុកដ៏ឈ្ងុញឆ្ងាញ់ បបរគ្រឿង និងនំប៉័ង ដល់ប្រជាពលរដ្ឋ កងទ័ព និងគ្រួសារកងទ័ពនៅបរិវេណកងពលតូចលេខ៩ ស្ថិតនៅភូមិរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារជាង២០០០គ្រួសារ។
បន្ទាប់ពីទទួលបានទាននំបញ្ចុក ដែលស្រូបទឹកសម្លរដោយផ្ទាល់ដៃពីលោកជំទាវ ហ៊ុន ម៉ាណា ហើយ ក្រុមគ្រូពេទ្យវេជ្ជសាស្ត្រសម្តេចតេជោ នឹងបន្តពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ពដោយឥតគិតថ្លៃបន្ថែមទៀត។
គួរបញ្ជាក់ថា នេះជាថ្ងៃទី២ហើយ ដែលលោកស្រី ហ៊ុន ម៉ាណា បានដឹកនាំក្រុមគ្រូពេទ្យវេជ្ជសាស្ត្រសម្តេចតេជោ មកពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ពដោយឥតគិតថ្លៃ ព្រមទាំងកាត់វែនតាជូនលោកយាយ លោកតាផងដែរ៕
ដោយ៖ សុខ ខេមរា
...