ភ្នំពេញ ៖ លោក ជុំ កុសល រដ្ឋលេខាធិការ ក្រសួងព័ត៌មាន នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ បានបង្ហោះលើផេកផ្លូវការយ៉ាងដូច្នេះថា ៖ ម្សិលមិញជួបរឿងហួសចិត្ត ហើយក៏ត្រូវនិយាយដោយចំហចំពោះម្ចាស់រថយន្តFord Everest ពាក់ស្លាកលេខ « ភ្នំពេញ 2 BX-3930» ផ្ទាល់ ព្រោះរថយន្តនេះបានសាងកំហុសមកលើខ្ញុំ ។ ករណីនេះប្រសិនបើម្ចាស់ជាអ្នកបើកបរផ្ទាល់ ខ្ញុំស្នើសុំឲ្យប្តូរឥរិយាបថ និងទម្លាប់អាក្រក់បែបនេះចេញ តែបើតៃកុងជាអ្នកបើក សុំឲ្យម្ចាស់ណែនាំផងកុំបើកបរបែបដូចជាមិនធ្លាប់ចូលសាលាបើកបរបែបនេះទៀត ។
លោក ជុំ កុសល រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានបន្តថា ៖ ខ្ញុំកំពុងឆ្លងស្ពានអាកាសលោកសង្ឃ ក្នុងល្បឿនធម្មតា20km/h ដោយស្ថានភាពផ្លូវមានរថយន្ត៣-៤នៅខាងមុខ ស្រាប់តែរថយន្តនេះបើកពីក្រោយមក ក៏ វ៉ៃភ្លើង និងសុីផ្លេផ្ទួនៗ មិនមើលស្ថានភាពផ្លូវនៅខាងមុខ មិនខ្វល់ការវ៉ាជែងនៅលើស្ពានគឺបើកទាំងបំពានតែម្តង ! ឃើញការបើកបរទាំងកំរោលបែបនេះ ខ្ញុំក៏បើកកញ្ចក់ស្រែកសួរ « តើបើកប្រញ៉ាប់ទៅណា បានជាវ៉ាបំពានលើស្ពាន ហើយចុចសុីផ្លេផ្អើលគេឯងបែបនេះ ? » អ្នកបើកបរមិនហ៊ានបើកកញ្ចក់ឆ្លើយតបខ្ញុំវិញទេ ព្រោះដឹងថាខ្លួនខុស ហើយប្រហែលជាគេស្គាល់ខ្ញុំផង ក៏បត់ចូលផ្លូវមួយទៀត »។
លោក ជុំ កុសល រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ថា ៖ នេះគឺជាសារចូលរួមដាស់តឿនដល់មនុស្សមួយចំនួន ដែលចូលចិត្តបើកបរបំពានច្បាប់ រំលោភសិទ្ធិអាទិភាពអ្នកដទៃ បង្កគ្រោះថ្នាក់ចរាចរណ៍ ។ មនុស្សខ្លះអាងខ្លួនមានរថយន្តទំនើបចូលចិត្តធ្វើចរិតទំនើងធ្វើដូចផ្លូវជាកម្មសិទ្ធិរបស់ខ្លួនយ៉ាងដូច្នោះ ! ។
លោក ជុំ កុសល រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បន្តថា ៖ ខ្ញុំសូមរម្លឹកប្រសាសន៍ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងថា ៖ « សង្គមសុីវិល័យ មិនមែនជាសង្គមដែលប្រជាពលរដ្ឋអ្នកមានលុយ ធ្វើខ្លួនហុឺហារ បង្ហាញភាពទំនើបនិយមនោះទេ គឺប្រជាជនមានសីលធម៌ សុជីវធម៌ គុណធម៌ ចេះយោគយល់អធ្យាស្រ័យគ្នា » ។
សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់លើដងផ្លូវ ៕
ដោយ ៖ សិលា