លោក ប៉ែន បូណា៖ អ្នកដឹកនាំដែលធ្វើឱ្យពលរដ្ឋសុខសប្បាយ ខុសពីឧទ្ទាមនយោបាយដែលបន្លាចពលរដ្ឋឱ្យភិតភ័យ

ចែករំលែក៖

ភ្នំពេញ ៖ ពិធីបុណ្យចូលឆ្នាំថ្មីរយៈពេលបីថ្ងៃដែលទើបតែកន្លងទៅនេះមានសភាពអធិកអធមយ៉ាងក្រៃលែង។ ភ្ញៀវទេសចរជាតិនិងបរទេសចំនួនជិត ២៤ លាននាក់ បានចូលរួមកម្សាន្តសប្បាយដោយទឹកចិត្តសោមនស្សរីករាយឥតឧបមា។ តួលេខនេះបង្ហាញថា ប្រជាពលរដ្ឋខ្មែរម្នាក់អាចដើរកម្សាន្តលើសពីរមួយដង។ នេះគឺជាផ្លែផ្កានៃសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា។ បើគ្មានសុខសន្តិភាព គ្មានហេដ្ឋារចនាសម្ព័ន្ធល្អ គ្មានការកើនឡើងនៃជីវភាពរស់នៅ និងគ្មានការបង្កលក្ខណៈងាយស្រួលពីសំណាក់អាជ្ញាធររាជរដ្ឋាភិបាលទេ ប្រជាពលរដ្ឋខ្មែរគ្មានឱកាសកម្សាន្តសប្បាយបែបនេះឡើយ។

គួរកត់សម្គាល់ថា ពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនប្រជាពលរដ្ឋដែលចូលរួមកម្សាន្តសប្បាយនិងបញ្ចេញស្នាមញញឹមប្រកបដោយភាពកក់ក្តៅនៅក្នុងពិធីបុណ្យធំៗបានកើនឡើងជាលំដាប់។ នេះគឺជាទឡ្ហីករណ៍ដែលបង្ហាញថា ប្រជាពលរដ្ឋខ្មែរទទួលបានផលពីការដឹកនាំប្រទេសកាន់តែច្រើនឡើងៗជាលំដាប់។ គ្មានទេ ការសប្បាយបែបនេះ នៅក្នុងប្រទេសដែលញាំញីដោយភ្លើងសង្គ្រាម ដែលពលរដ្ឋអត់បាយក្រហាយទឹកនិងគ្មានជំនឿចិត្តលើការដឹកនាំរបស់រដ្ឋាភិបាល។ ស្នាមញញឹមប្រកបដោយក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរដែលបាននិងកំពុងកើតឡើងនាពេលនេះ គឺជាផ្លែផ្កានៃសុខសន្តិភាពដែលកើតចេញពីគោលនយោបាយដឹកនាំប្រទេសដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។

ផ្ទុយស្រឡះពីនេះ ក្រុមជ្រុលនិយមឯណោះវិញ តែងតែបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋជានិច្ចតាមរយៈការបញ្ចេញសារនយោបាយលាបពណ៌ ញុះញង់ បំបែកបំបាក់ខ្មែរ បង្កអរិភាពជាមួយប្រទេសជិតខាង និងជាមួយមហាអំណាចក្នុងតំបន់ជាដើមដែលសុទ្ធសឹងជានយោបាយបង្កជម្លោះដ៏គ្រោះថ្នាក់។ គោលបំណងរបស់ពួកគេ គឺធ្វើឱ្យមានភាពវឹកវរ ជ្រួលច្របល់ និងអស្ថិរភាពសង្គមដើម្បីឆ្លៀតឱកាសផ្តួលរំលំរាជរដ្ឋាភិបាលតាមរយៈចលនាបដិវត្តន៍ពណ៌ខុសច្បាប់ ទាញប្រទេសឱ្យក្រឡាប់ធ្លាក់ចូលទៅក្នុងអតីតកាលដ៏ខ្មៅងងឹត។ សកម្មភាពបែបនេះ គឺដើម្បីបម្រើមហិច្ឆតានយោបាយដ៏ខ្មៅកខ្វក់របស់ខ្លួនតែម្យ៉ាងគត់ដោយមិនខ្វាយខ្វល់ពីជោគវាសនាប្រទេសជាតិនិងប្រជាពលរដ្ឋឡើយ។ 

សកម្មភាពផ្ទុយគ្នាទាំងស្រុងរវាងរាជរដ្ឋាភិបាលនិងក្រុមជ្រុលនិយម បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរអាចបែងចែកយ៉ាងច្បាស់ដាច់ស្រឡះពីគ្នារវាងមេដឹកនាំដែលបង្កលក្ខណៈឱ្យប្រជាពលរដ្ឋបានសុខសប្បាយ និងក្រុមនយោបាយដែលបង្កការភ័យខ្លាចជាប្រចាំ។ នេះគឺជាជំនួយស្មារតីយ៉ាងល្អសម្រាប់ប្រជាពលរដ្ឋខ្មែរក្នុងការជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោត៥ឆ្នាំម្តង។ ការជ្រើសរើសមេដឹកនាំល្អបង្កឱ្យមានការរីកចម្រើននិងស្នាមញញឹម។ ផ្ទុយទៅវិញ ការសម្រេចចិត្តខុសនាំឱ្យប្រទេសធ្លាក់ចុះទៅរកក្តីវិនាសអន្តរាយដូចអតីតកាលវិញជាមិនខាន។ 

គណបក្សប្រជាជនកម្ពុជាដែលទទួលបានការគាំទ្រឱ្យដឹកនាំប្រទេសជារៀងរហូតមក គឺជាសក្ខីភាពបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរចេះបែងចែកយ៉ាងច្បាស់រវាងអាក្រក់និងល្អ សនិងខ្មៅ ហើយពួកគេចង់បានស្នាមញញឹម និងការជួបជុំសប្បាយរីករាយក្រោមម្លប់សុខសន្តិភាព ដោយបដិសេធចោលទាំងស្រុងក្រុមនយោបាយដែលប៉ុនប៉ងនាំតែក្តីអន្តរាយដល់ប្រទេសជាតិ៕

ដោយ ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print