Update៖ សមត្ថកិច្ចឃាត់ខ្លួនបានហើយ ជនសង្ស័យម្នាក់ដើរមកកាប់ជនរងគ្រោះស្លាប់នៅក្នុងវង់ផឹកស៊ី

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចឃាត់ខ្លួនបានហើយ ជនសង្ស័យម្នាក់ដើរមកកាប់ជនរងគ្រោះស្លាប់នៅក្នុងវង់ផឹកស៊ី នៅស្រុករមាសហែក។

ការឃាត់ខ្លួនធ្វើឡើងក្នុងទឹកដីខេត្តព្រៃវែងនិងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុករមាសហែកដើម្បីធ្វើការសាកសួរ។

គួររំលឹកថា មានករណីបុរសម្នាក់បានដើរចូលក្នុងវង់ផឹកស៊ីហើយកាប់ជនរងគ្រោះម្នាក់បណ្ដាលឱ្យស្លាប់កាលពីវេលាម៉ោង១១និង០០ នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ស្ថិតនៅក្នុងភូមិព្រៃសត្វ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះឌឹម វណ្ណី អាយុ ៤៧ ឆ្នាំមុខរបរធ្វើស្រែមានទីរំនៅនៅភូមិព្រៃសត្វ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ចំណែកជនសង្ស័យមានឈ្មោះមឿង ធារ៉ា ភេទប្រុស អាយុ៣៨ឆ្នាំជាមនុស្សសរសៃប្រសាទរស់នៅភូមិព្រៃសង្គម ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងទៀតថា កាលពីវេលាម៉ោង១២ ថ្ងៃត្រង់នៅផ្ទះកើតហេតុត្រូវជាបងប្រុសរបស់ជនរងគ្រោះបានជួបជុំផឹកស៊ីជាមួយអ្នកជិតខាង៦ ទៅ៧នាក់រហូតដល់យប់ក៏ឈប់ផឹកស៊ី ចំណែកម្ចាស់ផ្ទះស្រវឹងក៏ឡើងទៅដេក នៅតែភ្ញៀវនាំគ្នាអង្គុយជជែកគ្នាលេងបន្ត។

ប្រភពបានបន្តថា ចំណែកជនរងគ្រោះត្រូវជាប្អូនម្ចាស់ផ្ទះក៏អង្គុយលេងកំដរភ្ញៀវរហូតដល់ម៉ោង១១យប់ ស្រាប់តែជនសង្ស័យដើរចូលមកទាញពូថៅវាយជនរងគ្រោះពីក្រោយមួយពូថៅបណ្ដាលឲ្យដួល រួចកាប់យ៉ាងរន្ធើនជាច្រើនពូថៅចំក្បាលពីក្រោយ បណ្ដាលឱ្យផុងរលាក្បាលស្លាប់ភ្លាមៗក្នុងត្លុកឈាមតែម្ដង។ ចំណែកជនសង្ស័យក្រោយពីធ្វើសកម្មភាពរួច បានរត់គេចខ្លួនបាត់ស្រមោលភ្លាមៗផងដែរ។

ប្រភពបន្តថា ជនសង្ស័យមានជំងឺសរសៃប្រសាទជាង១០ ឆ្នាំមកហើយ ក៏ប៉ុន្តែគ្មានសំបុត្របញ្ជាក់ពីគ្រូពេទ្យនោះទេមនុស្សនេះបែកស្ទើរឆ្កួត ស្ទើរជា ហើយត្រូវប្រពន្ធលែងលះទៅរស់នៅក្នុងវត្ត ក្នុងស្រុកមេសាង ខេត្តព្រៃវែង។ ជនសង្ស័យមានប្រពន្ធនៅភូមិឃុំកើតហេតុខាងលើក្រោយពីប្រពន្ធលែងលះមក ជនសង្ស័យចេញទៅនៅឯស្រុកកំណើត ហើយបានចេញចូលមករកបងប្រុសនៅក្នុងភូមិកើតហេតុជារឿយៗផងដែរ។

សមត្ថកិច្ចបានបន្តថា មួយរយៈចុងក្រោយនេះជនសង្ស័យបានបាត់ខានចូលភូមិយូរឆ្នាំមកហើយ ទើបតែឃើញជនសង្ស័យចូលមកក្នុងភូមិកើតហេតុកាលពីវេលាម៉ោង២និង០០ នាទីរសៀលថ្ងៃទី១៨ ខែមេសានេះដើរចូលមកកន្លែងជនរងគ្រោះផឹកស៊ីដោយមិននិយាយស្ដីអ្វីនោះទេ បន្ទាប់មកក៏ដើរចេញទៅវិញបាត់ទៅ ស្រាប់តែដល់ម៉ោង១១យប់ បានត្រឡប់មកវិញចូលកាប់ប្រហារជនរងគ្រោះតែម្ដង។

ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច្ច័យ សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះ ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកជនសង្ស័យកំពុងតែស្រាវជ្រាវចាប់ខ្លួនមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ផងដែរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print