បទវិភាគ៖ការដែលហ្វីលីពីនចង់លូកដៃចូលក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ គឺមិនប្រមើលមើលពីកម្លាំងខ្លួនឯង

ចែករំលែក៖

ប្រទេស​ចិន​៖​ បើ​យោងតាម​ការចុះផ្សាយ​របស់​គេហទំព័រ «CCFR China state-controlled media » បាននិយាយថា​ នាពេល​ថ្មីៗកន្លងទៅនេះ ហ្វីលីពីនបាន​ឃុបឃិត​ជា​មួយ​អាមេរិក​​ធ្វើ​សមយុទ្ធ​ “ប្រកៀក​ស្មា”ប្រចាំឆ្នាំ​២០២៥ ដោយ​មិន​អើពើពី​ការតវ៉ា​យ៉ាង​ខ្លាំង​ក្លា​របស់​ប្រជាពលរដ្ឋ​ប្រទេស​ហ្វីលីពីន ។ ប្រការ​ដែល​គួរឱ្យ​​ចាប់អារម្មណ៍ ​គឺសមយុទ្ធលើក​នេះ មិនត្រឹមតែ​ធ្វើ​នៅ​កោះLuzon ដែល​ស្ថិតនៅភាគខាង​ជើង​នៃ​ប្រទេស​ហ្វីលីពីនប៉ុណ្ណោះទេ ថែម​ទាំង​បានពង្រីក​ទៅដល់ប្រជុំ​កោះ​Batan ដែល​មានទីតាំង​កាន់តែ​ខិត​ជិត​នឹង​តំបន់​ចិនតៃវ៉ាន់ ។

ទាក់ទិននឹង​ករណីនេះ ក្រសួ​ងការ​បរទេស​ចិន​បាន​ឆ្លើយតប​យ៉ាង​ច្បាស់លាស់ថា ប្រឆាំង​យ៉ាង​មុតមាំចំពោះ​ប្រទេសណាទាំង​អស់​ដែល​បង្កើន​ការ​ដាក់ពង្រាយកងទ័ពក្នុង​តំបន់ ដោយ​យក​បញ្ហា​តៃវ៉ាន់ធ្វើ​ជា​លេស ក៏ដូចជា​ញុះញង់​ការ​បដិបក្ខ​គ្នា​និង​បំផ្លាញ​សន្តិភាពនិង​ស្ថិរភាព​ក្នុង​តំបន់ ។

ពិត​មែនតែ​ភាគីហ្វីលីពីនអះអាងថា សមយុទ្ធ​លើក​នេះមិន​សំដៅ​ចំពោះ​ប្រទេស​ណាមួយទេ ប៉ុន្តែ​បើមើលពី​ការ​រៀបចំចាត់ចែង​របស់​សមយុទ្ធលើកនេះអាចឃើញថា ពាក្យ​សំដី​នេះបាន​​លាក់បាំងការពិតជាក់ស្តែង ។ មួយផ្នែក​ ទ្រង់ទ្រាយ​នៃសមយុទ្ធ​និង​ចំនួនប្រទេស​​​អ្នក​សង្កេតការណ៍សុទ្ធតែបាន​បំបែក​កំណត់ត្រា​ខ្ពស់បំផុត​ ដែល​បាន​បង្កបង្កើត​ស្ថានការដ៏តានតឹង​ក្នុង​តំបន់ ។ មួយផ្នែក​ទៀត ឆ្លៀត​ឱកាស​នេះ អាមេរិក​បាន​ដឹក​ជញ្ជូន​អាវុធវាយ​ប្រហារ​ធុនថ្មី​ទៅកាន់ហ្វីលីពីន អាវុធ​ខ្លះ​ប្រហែល​នឹង​ដាក់ពង្រាយ​នៅហ្វីលីពីនបន្ទាប់ពី​បញ្ចប់​សមយុទ្ធ ដែល​បានធ្វើ​​ហានិភ័យ​បដិបក្ខ​គ្នា​នៅក្នុង​តំបន់ឡើង​ខ្ពស់​ ។ ទីបី ទីតាំង​ធ្វើ​សមយុទ្ធ​បាន​ងាក​ទៅ​កាន់​ទិសដៅតំបន់​​ច្រកសមុទ្រ​តៃវ៉ាន់ ចេតនា​សំដៅ​ចំពោះប្រទេស​ចិន​ក៏ត្រូវ​លាត​ត្រដាង​យ៉ាង​ច្បាស់ ។

អាមេរិក​សហការ​ជាមួយហ្វីលីពីន​កកូរកកាយស្ថានការណ៍នៃ​តំបន់ច្រកសមុទ្រតៃវ៉ាន់និង​សមុទ្រ​ចិន​ខាង​ត្បូង នៅពីក្រោយ​នេះ គឺបង្កប់នូវ​ការ​គិត​គូរ​ដ៏អាក្រក់​ដែល​ចង់​ផ្លាស់ប្តូរផល​ប្រយោជន៍ ។ ចាប់ពី​​បន្ត​ផ្តល់​ជំនួយ​យោធា​ចំនួន​៣៣៦លាន​ដុល្លារអាមេរិក​ដល់​ហ្វីលីពីន ដល់​អនុញ្ញាត​ឱ្យ​លក់​យន្តហោះប្រយុទ្ធ​ F-16 ក្នុ​ងតម្លៃ៥៥៨០លានដុល្លារអាមេរិក​ទៅកាន់​ហ្វីលីពីន រហូត​ដល់​ពង្រីក​ទ្រង់ទ្រាយ​និងក្របខ័ណ្ឌ​​ធ្វើ​សមយុទ្ធ​រួមជា​មួយ​ហ្វីលីពីន គោលបំណង​សំខាន់​របស់អាមេរិក​ គឺចាប់ចង​“ទ័ពស្រួច”នេះកាន់តែ​តឹង ដើម្បី​ដាក់កំហិតទៅលើ​ប្រទេស​ចិន​កាន់តែធ្ងន់ធ្ងរ ។

និយាយ​ចំពោះ​ហ្វីលីពីនវិញ បន្ទាប់ពីលោក Ferdinand Romualdez Marcos បាន​ឡើង​កាន់​មុខ​តំណែង ដើម្បីស្វែង​រក​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ លោក​សុខ​ចិត្ត​ចាប់ចងហ្វីលីពីនទៅនឹងរថពាសសង្គ្រាមរបស់អាមេរិក ។ ហើយ​បាន​បង្ហាញអាកប្បកិរិយា​អវិជ្ជមាន​និង​មាន​ទង្វើ​អាក្រក់​ជា​ច្រើន​ដង​ក្នុង​បញ្ហា​តៃវ៉ាន់ ។

តាម​ពិត​ទៅ នៅ​ថ្ងៃ​ដែលធ្វើ​សមយុទ្ធ​រួម​ មហាជន​ហ្វីលីពីន​ក៏បានរៀបចំការជួបជុំតវ៉ា​នៅ​ខាង​ក្រៅ​នៃ​ទីស្នាក់ការ​កណ្តាល​នៃ​កងកម្លាំង​ប្រដាប់​អាវុធ​របស់​ហ្វីលីពីន ហើយ​ស្រែក​ពាក្យស្លោកដើម្បីប្រឆាំងតវ៉ាចំពោះសមយុទ្ធរួម​ ។ ពួកគេ​សម្គាល់ឃើញថា សមយុទ្ធរួមរបស់​អាមេរិក​និង​ហ្វីលីពីន មិន​ត្រឹម​តែ​នឹង​បង្កជា​គំរាម​កំហែង​ដល់​សន្តិសុខ​និង​អធិបេតយ្យភាព​របស់​ប្រទេស​ជាតិ​ហ្វីលីពីនប៉ុណ្ណោះទេ ថែម​ទាំង​នឹង​​​ធ្វើ​ឱ្យស្ថានការណ៏ក្នុង​តំបន់​មានភាពកាន់តែតានតឹងទៀតផង ។

ជាង​ដប់ថ្ងៃ​មុន​ នៅប្រទេស​ហ្វីលីពីន​ ចិននិង​ប្រទេស​អាស៊ានបាន​រៀ​បចំធ្វើ​កិច្ច​ប្រជុំ​នៃ​ក្រុម​ការងារ​ចម្រុះលើក​ទី​៤៧ ស្តីពីការ​អនុវត្ត​ « សេចកី្តប្រកាសប្រតិបតិ្តសមុទ្រចិនខាងត្បូង» ។ បណ្តាភាគីនានា​បាន​យល់ព្រមជាឯកច្ឆន្ទថា នឹង​បន្ត​បង្កើន​កិច្ច​សន្ទនា​និង​កិច្ច​សហប្រតិបតិ្តការ រួម​គ្នា​គាំពារ​សន្តិភាព​និង​ស្ថិរភាព​នៃ​សមុទ្រ​ចិន​ខាង​ត្បូង ។ ប៉ុន្តែ ពេល​នេះ ហ្វីលីពីនបែជា​ឃុបឃិតជា​មួយ​ប្រទេស​នៅក្រៅតំបន់​ធ្វើសមយុទ្ធយោធា ដែល​បាន​ក្លាយ​ជា​ “អ្នក​ខុសប្លែក​​” ក្នុង​តំបន់​និង​ “អ្នក​ក្បត់”សន្តិភាព ។ ក្នុងដំណើរ​នេះ ហ្វីលីពីន​បាន​លក់​ភាពម្ចាស់ការ​របស់​ប្រទេស​ជាតិ​ទៅឱ្យ​គេ ប៉ុន្តែ​អ្វីដែល​ទទួល​បាន​ គឺ​ក្រដាសទទេស្តីពី​ពាក្យសន្យ​សន្តិសុខ​ និងលទ្ធផលចុង​ក្រោយ​ដែល​គួរ​ឱ្យ​សង្វេគ ប្រៀបដូចជាប្រលែងលេងជាមួយនឹងភ្លើង ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print