ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នេះ នៅសណ្ឋាគារសាន់&មូន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកវេទិកាទស្សនវិស័យអាកាសធាតុអាស៊ានលើកទី២៤ (ASEANCOF-24) ដែលរួមមានវគ្គបណ្ដុះបណ្តាល និងកិច្ចប្រជុំបច្ចេកទេសស្តីពីវិទ្យាសាស្ត្រអាកាសធាតុ ដោយផ្តោតលើរលកកម្ដៅ និងសុខភាព។
សូមជម្រាបថា វេទិកាទស្សនវិស័យអាកាសធាតុអាស៊ានលើកទី២៤ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំនេះ មានការចូលរួមពី គណៈប្រតិភូតំណាងអង្គការឧតុនិយមពិភពលោក (WMO) មជ្ឈមណ្ឌលឯកទេសឧតុនិយមអាស៊ាន(ASMC) អង្គការប្រព័ន្ធជូនដំណឹងជាមុនក្នុងតំបន់សមាហរណកម្មពហុមហន្តរាយ(RIMES) ការិយាល័យឧតុនិយមចក្រភពអង់គ្លេស(UKMO) ព្រមទាំងគណៈប្រតិភូបណ្តាប្រទេសអាស៊ានទាំង១១ ជាច្រើនរូប ដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូផងដែរ។
ថ្លែងក្នុងឱកាសបើកវេទិកា លោករដ្ឋមន្ត្រីបានប្រសាសន៍លើកឡើងពីសារសំខាន់នៃការស្រាវជ្រាវនិងការសិក្សាអំពីអាកាសធាតុ និងការស្វែងរកមូលហេតុឫសគល់នៃបាតុភូតធម្មជាតិ ដើម្បីដោះស្រាយជាមួយនឹងគ្រោះថ្នាក់នៃការប្រែប្រួលអាកាសធាតុរយៈពេលវែង និងបញ្ហាប្រឈមជាច្រើនពីគ្រោះមហន្តរាយធម្មជាតិដូចជា ព្យុះត្រូពិក ខ្យល់កន្ត្រាក់ ផ្គររន្ទះ ទឹកជំនន់ គ្រោះរាំងស្ងួត និងការកើនឡើងកម្ពស់ទឹកសមុទ្រជាដើម។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ពីភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការ ផ្លាស់ប្ដូរទិន្នន័យ បច្ចេកវិទ្យា និងចំណេះដឹង សម្រាប់ដោះស្រាយបញ្ហាប្រឈមនឹងអាកាសធាតុ ដែលធ្វើឱ្យការព្យាករបានត្រឹមត្រូវជាងមុន ការយល់ដឹងកាន់តែប្រសើរឡើងអំពីការប្រែប្រួលអាកាសធាតុ និងការឆ្លើយតបដោយសមស្របចំពោះបាតុភូតធម្មជាតិនានា ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីបានមានប្រសាសន៍សង្កត់ធ្ងន់ថា បម្រែបម្រួលអាកាសធាតុគឺជាកង្វល់ដ៏ធំមួយ ហើយដែលមានការទាក់ទងដោយផ្ទាល់ទៅនឹងការអភិវឌ្ឍទីក្រុង កំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម ជាពិសេសបានបង្កការរំខាន និងរារាំងដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ពហុវិស័យ។
ជាចុងក្រោយ លោករដ្ឋមន្ត្រីបានបង្ហាញនូវការជឿជាក់យ៉ាងមុតមាំថា វេទិកាទស្សនវិស័យអាកាសធាតុអាស៊ានលើកទី២៤ នឹងទទួលបានលទ្ធផលដ៏ត្រចះត្រចង់ ដើម្បីជាមូលដ្ឋាន និងជាជំហាន ក្នុងការអភិវឌ្ឍផែនការយុទ្ធសាស្រ្តជាក់ស្តែងសម្រាប់គ្រប់វិស័យពាក់ព័ន្ធ និងពហុភាគី ហើយអាចលើកកម្ពស់ចំណេះដឹង និងសមត្ថភាពក្នុងវិទ្យាសាស្ត្រអាកាសធាតុ ការប្រែប្រួលអាកាសធាតុ និងការបន្សាំអាកាសធាតុ៕
ដោយ ៖ សិលា