ភ្នំពេញ ៖ លោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើបញ្ហាប្រឈម និងជម្រើសដំណោះស្រាយពាក់ព័ន្ធបញ្ហាហិរញ្ញវត្ថុ ការស្នើសុំ និងការចាត់តាំងអ្នកបកប្រែភាសានៅតាមសាលាជម្រះក្តី ។
សូមបញ្ជាក់ថា ៖ ទីស្តីការក្រសួងយុត្តិធម៌ នៅរសៀល ថ្ងៃ
ព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ លោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើបញ្ហាប្រឈម និងជម្រើសដំណោះស្រាយពាក់ព័ន្ធអ្នកបកប្រែភាសានៅតាមសាលាជម្រះក្តី ដែលមានសមាសភាពអញ្ជើញចូលរួម រួមមាន :
-លោក ជីវ សុងហាក់ រដ្ឋលេខាធិការ
-លោកបណ្ឌិត ខាន់ វណ្ណៈ រដ្ឋលេខាធិការ
-លោកបណ្ឌិត ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌
-លោក សៀង គង់ តំណាងឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ និង
-មន្រ្តីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ និង អគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ។
កិច្ចប្រជុំនេះ បានពិភាក្សាទៅលើយន្តការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការ រវាង អគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ និង អគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ ដើម្បីដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងហិរញ្ញវត្ថុ ការស្នើសុំ ការចាត់តាំងអ្នកបកប្រែភាសា និងការផ្តល់កម្រៃសេវាជូនអ្នកបកប្រែភាសា នៅតាមសាលាជម្រះក្តី ចំពោះសំណុំរឿងព្រហ្មទណ្ឌដែលមានជនបរទេសជាភាគី៕
ដោយ ៖ សិលា