ភ្នំពេញ: នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនថ្នាក់ដឹកនាំនិងបុគ្គលិកមជ្ឈមណ្ឌលបណ្ដុះបណ្ដាល អេស.ភី យូហាក់ ៧នាក់ បន្ទាប់ពីប្រជាពលរដ្ឋរងគ្រោះជាង៣០នាក់ផ្ទុះការតវ៉ាទាមទារប្រាក់ត្រឡប់មកវិញក្រោយពីពួកគេបង់ប្រាក់ទៅឲ្យមជ្ឈមណ្ឌលម្នាក់ ៦០០ដុល្លារដើម្បីចូលសិក្សានិងរត់ការនាំទៅធ្វើការនៅប្រទេសកូរ៉េ តែរយៈពេល ៧ខែហើយមិនបាន។
ការឃាត់ខ្លួនជនឆបោករូបនេះ បានធ្វើឡើងកាលពីម៉ោង១១យប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ បន្ទាប់ពីពលរដ្ឋរងគ្រោះផ្ទុះការតវ៉ាទាមទារប្រាក់ត្រឡប់មកវិញ នៅមុខស្នាក់ការមជ្ឈមណ្ឌលបណ្ដុះបណ្ដាល អេស.ភី យូហាក់ដែលស្ថិតនៅផ្ទះលេខ៧៥Eo ផ្លូវ១០៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានភ្នំពេញ ។
បន្ទាប់ពីតវ៉ា ហើយចរចារហូតដល់យប់ជ្រៅមិនត្រូវគ្នា លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ បានដឹកនាំកម្លាំង ចុះទៅសម្របសម្រួលនិងឃាត់ខ្លួនបុគ្គលិកដែលបម្រើការនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាល អេស.ភី យយូហាក់តែម្តង។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា បុគ្គលិកមជ្ឈមណ្ឌលបណ្ដុះបណ្ដាល អេស.ភី យូហាក់ចំនួន ៧នាក់ ត្រូវបានតុលាការបញ្ជាឱ្យឃាត់ខ្លួន និងកំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕
ដោយ៖ ជ្រោយពេជ្រ