ខេត្តបន្ទាយមានជ័យ៖ដំណាំស្រូវ៨០០ហិកតានៅសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលប្រឈមរងការខូចខាតដោយគ្រោះរាំងស្ងួតកាលពីកន្លងទៅនេះត្រូវបានមន្រ្តីជំនាញនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តសហការជាមួយនិងក្រុមការងារក្រសួង ជួយអន្តរាគមន៍សង្រ្គោះដំណាំស្រូវទាំងនោះបានទាន់ពេលវេលា។ សកម្មភាពជួយសង្រ្គោះស្រូវជាង៨០០ហិកាតនៅសង្កាត់ភ្នៀតគេមើលឃើញមន្រ្តីជំនាញធនធានទឹកប្រើប្រាស់ម៉ាស៊ីន១គ្រឿងខ្នាតធំបូមទឹកចេញពីស្ទឹងសិរីសោភ័ណដើម្បីបូមចែកចាយដាក់ប្រព័ន្ធស្រោចស្រពតាមអូរប្រឡាយសម្រាប់ឱ្យពលរដ្ឋបូមយកដាក់ស្រែបន្ត។ការជួយសង្រ្គោះស្រូវខាងលើចាប់ផ្តើមមានរយៈពេល២ទៅ៣ថ្ងៃរួចមកហើយ មន្រ្តីជំនាញកំពុងតែបន្តជួយសង្រ្គោះជាបន្តបន្ទាប់ទៀតទៅលើដំណាំស្រូវរងផលប៉ះពាល់តាមបណ្តាស្រុកមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំអនុវត្តផ្ទាល់ពីលោក យឹម ប៊ុនរុំ ប្រធានមន្ទីរធនធានទឹកខេត្ត។
អ្វីដែលប្រសើរបន្ថែមទៀតទៅលើជួយសង្រ្គោះដំណាំស្រូវនោះដែរចាប់ពីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ភ្លៀងបានធ្លាក់មួយមេយ៉ាងធំអូសបន្លាយរហូតទល់ភ្លឺផងដែរ ការធ្លាក់ភ្លៀងបែបនេះ គឺធ្វើឱ្យប្រជាកសិករមានក្តីសង្ឃឹមឡើងវិញទៅលើការដាំដុះដំណាំស្រូវរបស់ពួកគាត់ដែលកំពុងប្រឈមរងការខូចខាត។
សូមបញ្ជាក់ថានៅសង្កាត់ភ្នៀតក្រុងសិរីសោភ័ណត្រូវបានអាជ្ញាធរសង្កាត់ប្រាប់ឱ្យដឹងថាផ្ទៃដីដាំដំណាំស្រូវវស្សាមានសរុបចំនួន១៥០០ហិកតា ហើយស្រូវប្រឈមរងការខូចខាតដោយភាពរាំងស្ងួតចំនួន៨០០ហិកតា។សង្កាត់ភ្នៀតក្រុងសិរីសោភ័ណនៅដើមឆ្នាំក្នុងរដូវវស្សា ទទួលរបបទឹកភ្លៀងចំនួនតិចតួច។ដោយឡែកនៅតំបន់ខ្លះត្រូវគេមើលឃើញថាទទួលនូវរបបទឹកភ្លៀងច្រើន ហើយតំបន់ទទួលទឹកភ្លៀងច្រើនដំណើរការបង្កបង្កើនផលស្រូវទៅយ៉ាងល្អ។
លោកប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យប្រាប់នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នេះថា ខេត្តបន្ទាយមានជ័យបានបង្កបង្កើនផលដំណាំស្រូវលើផ្ទៃដី សរុប២៤៥,០០០ ហិកតា(ម្ភៃបួនម៉ឺនប្រាំពាន់ហិកតា)ដែលជាប្រភេទស្រូវធ្ងន់ ស្រូវស្រាល និងស្រូវ កណ្តាល។ខេត្តបន្ទាយមានជ័យក្នុងមួយរយៈចុងក្រោយនេះរងគ្រោះដោយភាពរាំងស្ងួត បង្កឱ្យស្រូវរងផលប៉ះពាល់ប្រឈមរងការខូចខាត២១៦០ហិកតា ។ដំណាំស្រូវដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺនៅក្រុងសិរីសោភ័ណដោយឡែកនៅស្រុកព្រះនេត្រព្រះ ស្រុកថ្មពួក ស្រុកស្វាយចេក ទទួលរងផលប៉ះពាល់តិចតួច។
លោកប្រធានមន្ទីរកសិកម្មខេត្តប្រាប់ឱ្យដឹងទៀតថា ស្រូវស្រាលត្រូវបានប្រមូលផលជាបណ្តើរៗនោះហើយ លោកមានការព្រួយបាររម្ភទៅលើស្រូវធ្ងន់ប្រមាណ៤០,០០០ ហិកតា(បួនម៉ឺនហិកតា)បើសិនជាភ្លៀងធ្លាក់មិនគ្រប់គ្រាន់នោះទេ អាចប្រឈមរងការខូចខាត ដោយរងចាំមើលរយៈពេលប្រហែល១០ថ្ងៃខាងមុខទៀត បើសិនមានភ្លៀងធ្លាក់មកគ្រប់គ្រាន់ដំណាំស្រូវធ្ងន់មិនមានបញ្ហាអ្វីនោះឡើយ។ ប៉ុន្តែដោយសារយប់មិញមានភ្លៀងធ្លាក់ខ្លាំង សង្ឃឹមថាបញ្ហាខ្វះទឹកនិងភាពរាំងស្ងួត អាចត្រូវដោះស្រាយបាន។
គួរំលឹកថា កន្លងទៅអាជ្ញាធរសង្កាត់ភ្នៀតមិនមានភាពទទួលខុសត្រូវលើពលរដ្ឋក្នុងមូលដ្ឋាន ដោយទឹកតាមប្រឡាយមានមិនព្រមបូមអោយកសិករយកទឹកសង្គ្រោះស្រូវ ប្រឡាយនោះទៀតអោយគេលើកទំនប់បិទយ៉ាងតិច៥ទៅ៦កន្លែង មិនអាចអោយទឹកហូរបានជាដើម៕
ដោយសំ វិច្ឆិកា