សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តើផ្ការីករបស់រាជរដ្ឋាភិបាលមានន័យដូចម្តេច?

ចែករំលែក៖

ខេត្តកណ្តាល ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលនឹងបន្តចុះគ្រប់ទីកន្លែង ដើម្បីសម្ពោធសមិទ្ធផលជាច្រើន ជាបន្តបន្ទាប់ទៀតនៅទូទាំងប្រទេស ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសជាតិ ដែលសមិទ្ធផលទាំងនេះជាផ្ការីករបស់រាជរដ្ឋាភិបាល។

នៅក្នុងពិធី «បើកការដ្ឋានគម្រោងអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកង្វក់ក្នុងក្រុងតាខ្មៅ» នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា អ្នកណាធ្វើផ្ការីកអីក៏ធ្វើទៅ សំខាន់រាជរដ្ឋាភិបាល ខិតខំកសាងសមិទ្ធផលឲ្យរីកកាន់តែខ្លាំង ដើម្បីផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល។ ការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តីនេះ គឺចង់មានន័យឌឺដង ឲ្យក្រុមឧទ្ទាមក្រៅច្បាប់ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដរាបណាយើងមានសន្តិភាព និងស្ថិរភាព កម្ពុជាមិននៅហ្នឹងថ្កល់ទេពោលគឺយើងនឹងបន្តទៅមុខរួមសមិទ្ធផលជាមួយគ្នា កសាងសមិទ្ធផលបន្ថែម មិនថាសមិទ្ធផលថ្ងៃនេះ ថ្ងៃស្អែកឬម្សិលមិញក៏ដោយ យើងនឹងខិតខំបន្តកសាងបន្តទៀត។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ «ខ្ញុំគ្មានពេលវេលាគិតពីចលនាដែលចង់បំផ្លាញប្រទេសនោះទេ គឺមានតែពេលគិតគូរដល់ការកសាងប្រទេស និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ»។

សម្ដចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រយៈពេលជាង៤០ឆ្នាំនៃការគ្រប់គ្រងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និងនៅក្នុងអាណត្តិថ្មីនេះសម្ដេចមិនបានសម្រាកទេ គឺត្រូវកសាងសមិទ្ធផលផ្សេងៗរាប់ចាប់ពីហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែ ព្រលានយន្តហោះ ពិពិធកម្មទឹកកង្វក់ បូកជាមួយការបើកចេញគោលនយោបាយទាក់ទាញការវិនិយោគ បង្កើតការងារជូនប្រជាពលរដ្ឋ រៀបចំខ្សែចង្វាក់ផលិតកម្មនៅរោងចក្រផ្សេងៗជាទិ៍..ដើម្បីកសាងសមិទ្ធផលជូនប្រជាជន។
បន្ថែមពីនេះ សម្ដេចបវរធិបតី បានថ្លែងបន្តថា យើងបានពង្រីកនូវសមិទ្ធផលជាច្រើនជូនប្រជាពលរដ្ឋ ហើយនេះជាអ្វីដែលប្រជាជនចង់បានសមិទ្ធផលនេះ ជាក់ស្ដែងការសាងសង់ផ្លូវឱ្យគាត់ធ្វើដំណើរស្រួល បានជួយកាត់បន្ថយទាំងចំណាយ និងពេលវេលា។ «ទាំងអស់នេះហើយគឺជាផ្ការីកនៃសមិទ្ធផលសម្រាប់ប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា»។ បើតាមការបញ្ជាក់របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត។
ដោយ សម្ដេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ «ពីណាចង់កាងផ្ការីក..ចង់ផ្ដួលជារឿងរបស់គេ ខ្ញុំជឿថាប្រជាពលរដ្ឋយើងឆ្អែតហើយរឿងរញ៉េរញ៉ៃ…តែទីបំផុតយើងរស់នៅក្នុងសុខសន្តិភាព ស្ថេរភាព ហើយនេះហើយជាការណ៍ដែលយើងចង់បាន។ កម្ពុជាមិននៅនឹងថ្កល់ទេ ដរាបណាយើងមានសន្តិភាព ស្ថេរភាព អត់វៃគ្នា អត់បំបែកគ្នា អត់កាប់ចាក់គ្នាទៀត យើងនឹងបន្តទៅមុខរួមសមិទ្ធផលជាមួយគ្នា កសាងសមិទ្ធផលបន្ថែម ដើម្បីបងប្អូនទាំងអស់គ្នា»៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print