រឿងក្ដីព្រហ្មទណ្ឌដ៏ចម្រូងចម្រាសមួយ រាលដាលដល់លោកមេធាវី រស់ ផល្លា

ចែករំលែក៖

ភ្នំពេញ៖ រឿងក្ដីព្រហ្មទណ្ឌដ៏ចម្រូងចម្រាសមួយ ដែលមានជនជាប់ចោទជាអតីតឧត្ដមសេនីយ៍យោធា និងជាមនុស្សជំនិតបំផុតរបស់លោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងម្តាយលោកថោង សារ៉ាត់ ពេលនេះបានរាលដាលដល់លោកមេធាវី រស់ ផល្លា ។

អ្វីដែលជាការរាលដាលដោយសារតែ លោកស្រី កែវ សារី បានសារភាពថា លោកមេធាវីរស់ ផល្លា ជាអ្នករៀបចំឲ្យលោកស្រីស្គាល់លោក ពេជ្រ ព្រហ្មមុនី ។

សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៥ ខែសីហា បានបើកសវនាការកាត់ទោស លោកស្រី កែវ សារី និង លោក ពេជ្រ ព្រហ្មមុនី ។

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លោកស្រី កែវ សារី ពីបទ ” ជំនួញឥទ្ធិពលសកម្ម តាមមាត្រា ៦០៦ នៃក្រមព្រហ្មទណ្ឌ និងចោទប្រកាន់លោក ពេជ្រ ព្រហ្មមុនី ពីបទ ជំនួញឥទ្ធិពលអកម្មតាមមាត្រា ៥៩៥នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅភោជនីយដ្ឋាន One More ក្នុងខណ្ឌទួលគោក កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៥។

នាពេលសវនាការ លោកស្រី កែវ សារី បាននិយាយថា លោកស្រីមិនដែលស្គាល់លោក ពេជ្រ ព្រហ្មមុនី ពីមុនមកនោះទេគឺលោកមេធាវី រស់ ផល្លា ជាអ្នករៀបចំឲ្យលោកស្រី ស្គាល់លោក ពេជ្រ ព្រហ្មមុនី ដោយលោក រស់ ផល្លា អួតថា លោក ពេជ្រ ព្រហ្មមុនី ជាគ្រូទាយដ៏ពូកែម្នាក់អាចជួយរៀបចំធ្វើ និងសែនជំនាងផ្ទះឲ្យមានសេចក្តីសុខ។

លោកស្រី កែវ សារី បន្តថា លោកស្រីបានទៅជួបលោក រស់ ផល្លា និងលោក ពេជ្រ ព្រហ្មមុនី ជាមួយលោកស្រី ទាវ ធីតា ជាប្រពន្ធលោក ថោង សារ៉ាត់ នៅភោជនីយដ្ឋាន One More។ ការជួបគ្នានោះ គឺក្នុងគោលបំណងសុំឲ្យលោក ពេជ្រ ព្រហ្មមុនី ទស្សន៍ទាយឲ្យ ដោយពេលទាយចប់លោកស្រីបានជូនកាដូមួយកញ្ចប់ និងស្រោមសំបុត្រមានលុយចំនួន១០០០ដុល្លារទៅលោក ពេជ្រ ព្រហ្មមុនី ឲ្យស្រោមសំបុត្រមានលុយចំនួន៥០០ដុល្លារទៅលោកមេធាវី រស់ ផល្លា និងឲ្យស្រោមសំបុត្រមានលុយចំនួន៥០០ដុល្លារឲ្យទៅអង្គរក្សម្នាក់ទៅជាមួយលោក ពេជ្រ ព្រហ្មមុនី។

ជាមួយគ្នានេះ លោក ពេជ្រ ព្រហ្មមុនី បាននិយាយថា លោកពិតជាបានទៅជាមួយ លោកមេធាវី រស់ ផល្លា ដើម្បីទស្សន៍ទាយឲ្យលោកស្រី កែវ សារី នៅភោជនីយដ្ឋាន One More ពិតមែន។ ការទស្សន៍ទាយនេះ ធ្វើឡើងតាមការស្នើសុំឲ្យជួយរបស់លោកស្រី ទាវ ធីតា ជាប្រពន្ធ លោក ថោង សារ៉ាត់ និង លោក រស់ ផល្លា។

ដោយឡែកមេធាវីការពារជនជាប់ចោទ គឺ លោក ទួត លុច បានបញ្ជាក់ថា សំណុំរឿង នេះ អង្គភាពប្រឆាំងអំពើពុករលួយរកមិនឃើញថា មានការជាប់ពាក់ព័ន្ធនឹងលោកមេធាវី រស់ ផល្លា លោកចៅក្រម លី សុខលេង និងលោក អាំង មាលតី នោះទេ។

លោក ទួត លុច បន្តថា ហេតុអ្វីតំណាងអយ្យការមិនចោទប្រកាន់លោកស្រី ទាវ ធីតា លោកមេធាវី រស់ ផល្លា លោកចៅក្រម លី សុខលេង និងលោក អាំង មាលតី ផង ។រឿងអ្វីតំណាងអយ្យការធ្វើការចោទប្រកាន់តែលោក ពេជ្រ ព្រហ្មមុនី និងលោកស្រី កែវ សារី ទៅវិញ ។

លោកមេធាវី ទួត លុច បញ្ជាក់ថា ប្រធានតុលាការ ចៅក្រម មេធាវី និងអ្នករៀបចំ ទើបត្រូវមកទទួលខុសត្រូវក្នុងរឿងនេះ ព្រោះពួកគេជាអ្នកធ្វើសេចក្តីសម្រេច និងធ្វើសកម្មភាពនាំឲ្យមានសេចក្តីសម្រេចចិត្ត មិនមែនលោកស្រី កែវ សារី និងលោក ពេជ្រ ព្រហ្មមុនី ជាអ្នកសម្រេចចិត្ត និងរៀបចំរឿងដោះលែងនេះ។

ទោះបីយ៉ាងណា ក្រោយការសួរដេញដោល លោក យិន សារឿន ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញបានលើកពេលប្រកាសសាលក្រមទៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះវិញ ៕

IMG_2849

ដោយ៖ ចេស្តា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print