ខេត្តរតនគិរី៖ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៥ ប្រជាពលរដ្ឋជិត១០០នាក់បានមកប្រមូលផ្តុំគ្នាឈរត្រៀបត្រានៅមុខសាលាដំបូងខេត្តដើម្បីកិច្ចអន្តរាគមន៍ធ្វើការតវ៉ាសុំដោះលែងជនជាប់ចោទម្នាក់ឈ្មោះសៃ រ៉េត អាយុ ៥២ឆ្នាំ ជនជាតិឡាវ រស់នៅ ភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ដែលត្រូវសមត្ថកិច្ច ស្រុកលំផាត់ចាប់ប្រគល់ខ្លួនអោយមកតុលាការ នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៥នេះ ពីបទជាប់ចោទប្រើអំពើហិង្សាក្នុងពិធីមង្គលការក្នុងភូមិ-ឃុំ ខាងលើ។
ហេតុការណ៍នេះបើតាមសារលិខិតរបស់មេភូមិ មេឃុំបញ្ជាក់ទៅសាលាដំបូងថា អ្នកស្រីបួន មុន ភេទ ស្រី អាយុ៥០ឆ្នាំ ជនជាតិឡាវ សញ្ជាតិខ្មែរ ជាប្រពន្ធរបស់ឈ្មោះ សៃ រ៉េត ដែលត្រូវបានចៅក្រម ជ័យ មាលា ចេញដីការឃុំខ្លួនក្នុងពន្ធធានាគារភ្នំស្វាយ ខេត្តរតនគិរី កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅនេះ។ បើតាមសម្តីលោក មេភូមិ និងអ្នកស្រីបួន មុន ដែលត្រូវជាប្រពន្ធជនជាប់ចោទឈ្មោះ សៃ រ៉េត បានអះអាងថា មានសាក្សីចូលខ្លួនមកបញ្ជាក់នៅសាលាដំបូងខេត្តនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៥ ដែលមានឈ្មោះដូចខាងក្រោម៖
១.សាក្សី១ ឈ្មោះ កន ខម ២.ព្រិន បុនត្រិន ៣. ស៊ុម ស៊ាងហ៊ាន
អ្នកទាំង៣ខាងលើនេះជាអ្នកនៅជាមួយឈ្មោះ សៃ រ៉េត ក្នុងយប់កើតហេតុថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១២ ដែលអះអាងថា ឈ្មោះ សៃ រ៉េត មិនបានស្ថិតក្នុងកន្លែងកើតហេតុនេះទេ មានការវាយតប់គ្នាក្នុងពិធីមង្គលការនោះ ចំណែកសាក្សី ស៊ី ឡារដ្ឋា ជាអនុប្រធានភូមិថ្មី ឃុំជ័យឧត្តម បានអះអាងថា លោកសៃ រ៉េត ក៏មិនបានស្ថិតក្នុងកន្លែងកើតហេតុនោះដែរ។
ទាក់ទិននឹងករណីខាងលើនេះអ្នកស្រីជ័យ មាលា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តរតនគិរី បានឲ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី៣ ខែសីហាឆ្នាំ២០១៥ នេះថា ដំណាងអយ្យការនៃសាលាដំបូងខេត្តបានសំណូមពរលើកសំណុំរឿងនេះទៅថ្ងៃក្រោយទៀតដោយសារមូលហេតុចំនួនពីយ៉ាង រួមមាន: ទី១ ដោយសារសាក្សីជនរងគ្រោះចូលបំភ្លឺមិនបានគ្រប់គ្រាន់នោះទេ
ទី២ សាក្សីដើមបណ្តឹងជាជនជាតិឡាវនិយាយខ្មែរមិនច្បាប់ស្តាប់គ្នាមិនបានដូច្នេះតម្រូវមានអ្នកបកប្រែឲ្យបានត្រឹមត្រូវ ៕
ដោយ៖ សាវុទ្ធ