ខេត្តកណ្តាល៖ ផ្តើមចេញពីការបើកបរខ្វះការប្រុងប្រយ័ត្នប្រជែងក្នុងស្ថានភាពផ្លូវមានឧបសគ្គបុរសម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿនទៅបុកជាមួយរថយន្តចំពីមុខពេញទំហឹងបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ម៉ូតូឡើងខ្ទេចផ្នែកខាងមុខ ចំណែករថយន្តបានផ្ទុះពោងសុវត្ថិភាព ។
ករណីគ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅវេលាម៉ោង៧,៣០នាទីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២១-២២ ភូមិស្លាប់តាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AG-6120 មានឈ្មោះ សុខ អាហ្វុង ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ចំណែករថយន្តម៉ាកកាមរីបាឡែន ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AL- 6989 ក្រោយកើតហេតុអ្នកបើក បររត់គេចខ្លួនបាត់ ។
លោកហង្ស ផាន់ណារ៉ា នាយផ្នែកសណ្តាប់ធ្នាប់ចរាចរស្រុកកៀនស្វាយដែលចុះទៅពិនិត្យនៅកន្លែងកើតហេតុបានប្រាប់នគរដ្រេហ្គន ដូច្នេះថា ករណីនេះគឺផ្តើមចេញពីជនរងគ្រោះជិះម៉ូតូបើកបរក្នុងល្បឿនលឿនទិសដៅពីភ្នំពេញទៅអ្នកលឿង ពេលទៅដល់កន្លែងកើតហេតុ ប្រហែលជាបើកប្រជែងរថយន្តរថយន្តមួយគ្រឿងទៀតនៅពីមុខក្នុងទិសដៅស្របគ្នាតែគ្មានសាក្សីឃើញហេតុការណ៍នោះទេព្រោះនៅចំនុចគ្រោះថ្នាក់ជាកន្លែងស្ងាត់ គ្រានោះរថយន្តកាមរីបើកមកដល់ក្នុងទិសដៅផ្ទុយគ្នាក៍ត្រូវអ្នកបើកម៉ូតូទៅបុកពីមុខរថយន្តចំហៀងខាងស្តាំ បណ្តាលអោយស្លាប់នៅកន្លែងកើតហេតុ ចំណែករថយន្តបានរេចង្កូតទៅបុកពំនូកខ្សាច់ហើយផ្ទុះពោងសុវត្ថិភាព។ ក្រោយកើតហេតុអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ ។
លោកនាយផ្នែកបានបន្តថា បើយកច្បាប់ចរាចរមកអនុវត្ត ភាគីខាងអ្នកបើកបរម៉ូតូគឺជាអ្នកបង្កគ្រោះថ្នាក់ចរាចរ ដោយសារបើកបរប្រជែងមិនប្រយ័ត្ន.ពោលគីជនរងគ្រោះជិះម៉ូតូចូលទៅខាងចំណែកផ្លូវរបស់រថយន្តទើបបង្កជាគ្រោះថ្នាក់ចរាចរ ។ ទោះជាយ៉ាងណាក៍ដោយបទល្មើសគ្រោះថ្នាក់ចរាចរនេះភាគីខាងរថយន្តក៍រួមចំណែកក្នុងការដោះស្រាយជាមួយភាគីខាងជនរងគ្រោះផងដែរ តែការដោះស្រាយនោះធ្វើឡើងដោយមនោសញ្ចេតនា បើនិយាយពីច្បាប់គឺជាច្បាប់។
បើលើកយកច្បាប់ចរាចរមកអនុវត្តអ្នកណាដែលខុសត្រូវតែខុសតែសម្រាប់ប្រទេសកម្ពុជាយើងវិញទោះជាអ្នកនោះធ្វើខុសក៍ដោយពេលចូលទៅដោះស្រាយមានតែមនោសញ្ចេតនាប៉ុណ្ណោះទើបអាចបញ្ចប់បញ្ហាបាន ។ ក្នុងនាមជានគរបាលចរាចរណ៍ស្រុកសូមអំពាវនាវដល់អ្នកប្រើប្រាស់ទ្រូងផ្លូវត្រូវអនុវត្តនិងគោរពតាមច្បាប់ចរាចរទាំងអស់គ្នាទើបអាចបញ្ជៀសបានពីគ្រោះថ្នាក់ចរាចរណ៍ ។
បច្ចុប្បន្នមធ្យោបាយទាំង២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕
ដោយ៖សណ្តោស