យន្តហោះធុនស្រាលមួយគ្រឿងបានធ្លាក់ចូលទៅក្នុងតំបន់លំនៅដ្ឋានមួយក្នុងទីក្រុង San Diego រដ្ឋកាលីហ្វ័រញ៉ា ដោយបានសម្លាប់មនុស្ស ម្នាក់ និងឆេះផ្ទះ និងរថយន្តជាច្រើនខ្នង។
ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រហែល 3 និង 45 នាទីទៀបភ្លឺថ្ងៃទី 22 ឧសភា នៅពេលដែលយន្តហោះធុនស្រាល Cessna 550 ចាកចេញពីទីក្រុង Kansas បានធ្លាក់ចូលទៅក្នុងតំបន់លំនៅដ្ឋាន Murphy Canyon ក្បែរអាកាសយានដ្ឋានប្រតិបត្តិ Montgomery-Gibbs ក្នុងទីក្រុង San Diego រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បាននិយាយថា យន្តហោះនេះមានកម្ពស់ប្រហែល 150 ម៉ែត្រ នៅពេលដែលវាបង្ហាញខ្លួនចុងក្រោយនៅលើអេក្រង់រ៉ាដា។ យន្តហោះមិនបានបញ្ជូនសញ្ញាអាសន្នទេ ពេលវេលាចុងក្រោយដែលអ្នកបើកយន្តហោះបានទាក់ទងគឺនៅពេលដែលគាត់និយាយថាគាត់មានចម្ងាយជិត 5 គីឡូម៉ែត្រពីចំណុចចុះចត នៅពេល មានអ័ព្ទ។
លោក Dan Eddy អនុប្រធាននាយកដ្ឋានពន្លត់អគ្គីភ័យ San Diego បាននិយាយថា “យើងមានអ្នកស្លាប់ច្រើនជាងម្នាក់ ហើយកំពុងរង់ចាំការបញ្ជាក់អំពីចំនួនមនុស្សនៅលើយន្តហោះ” ។ Cessna 550 អាចផ្ទុកមនុស្សបាន ៨នាក់។
យ៉ាងហោចណាស់ផ្ទះ១០ខ្នងត្រូវបានឆេះឬបុកដោយកំទេចកំទីពីយន្តហោះ។ ចំណែករថយន្តដែលចតនៅសងខាងផ្លូវក៏ត្រូវអគ្គិភ័យឆាបឆេះដែរ។ លោក Eddy បានបញ្ជាក់ថា មិនមានអ្នកស្លាប់នៅនឹងកន្លែងនោះទេ ដោយពណ៌នាថាវាជា «អព្ភូតហេតុ»។
តំបន់ដែលយន្តហោះធ្លាក់នោះ ភាគច្រើនជាផ្ទះគ្រួសារយោធា។ San Diego គឺជាកន្លែងសម្រាប់កងទ័ពជើងទឹក ៕
រូបថត:AFP