ភ្នំពេញ ៖ យុវជន២ម្នាក់ ត្រូវបានរថយន្តអាល់ហ្វាត បុកស្លាប់ម្នាក់និងម្នាក់ទៀតរបួសធ្ងន់នៅកែងផ្លូវបំបែក បង្កការភ្ញាក់ផ្អើលកាលពីវេលម៉ោង២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ទីតាំងកើតហេតុ ស្ថិតនៅផ្លូវបំបែកជាបួន មហាវិថីព្រះនរោត្តម កែងផ្លូវលេខ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញរាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីបុរសម្នាក់ស្ថិតនៅក្បែរទីតាំងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញរថយន្ត អាល់ហ្វាត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BB-3795 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១០៦ ទិសដៅពីកើតទៅលិច ។ ភ្លាមៗនោះ ក៏ស្រាប់តែមានយុវជន២ម្នាក់ជិះម៉ូតូ NEX ពណ៌សពាក់ស្លាកលេខ ភ្នំពេញ1JQ.6230បានបើកបរពីត្បូងទៅជើង តាមបណ្តោយមហាវិថីព្រះនរោត្តម លុះមកដល់ចំណុចកើតហេតុ ត្រង់ចំណុចផ្លូវប្រសព្វ ក៏ត្រូវបានរថយន្តបុកពេញទំហឹង បណ្តាលឲ្យខ្ទាតបោកខឿនផ្លូវថ្មើរជើងបែកក្បាលស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវរថយន្តពេទ្យមកដឹកយកជនរងគ្រោះទៅព្យាបាលផងដែរ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំខ្លួនម្ចាស់រថយន្តទៅប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ដើម្បីធ្វើការសួរនាំ ចំណែកសពយុវជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញទាក់ទងទៅក្រុមគ្រួសារដើម្បីមកទទួលសព យកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯម៉ូតូ និងរថយន្ត ត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការវាស់វែងយកទៅរក្សាទុកជាបណ្តោះអាសន្នដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕ដោយ ៖ ភារ៉ា ដង្កោ